កម្ពុជាបានបន្តវិធានការក្ដៅ ដោយបានសម្រេចបណ្ដេញជនជាតិចិនសរុបចំនួន ៣១៩នាក់ (ស្រី ២៣នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមរយៈយន្តហោះពិសេសពីអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការដឹកនាំផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្ថានទូតចិន ដើម្បីចាត់វិធានការលើក្រុមជនបរទេសទាំងនេះ បន្ទាប់ពីរកឃើញថាពួកគេមានការពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។
បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបណ្ដេញចេញនេះឆ្លុះបញ្ចាំងពីការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងគោលដៅ៖
- បោសសំអាតឧក្រិដ្ឋកម្មបច្ចេកវិទ្យា៖ លុបបំបាត់រាល់សកម្មភាពឆបោកដែលបង្កហានិភ័យដល់សុវត្ថិភាពក្នុងតំបន់ និងសកលលោក។
- ស្វែងរកមេខ្លោង៖ ប្តេជ្ញាតាមប្រមាញ់អ្នកនៅពីក្រោយសកម្មភាពខុសច្បាប់ដោយគ្មានការលើកលែង។
- សង្គ្រោះជនរងគ្រោះ៖ ជួយសង្គ្រោះអ្នកដែលចាញ់បោកមេខ្លោងឱ្យមកធ្វើការខុសច្បាប់ ដើម្បីឱ្យពួកគេទទួលបានសេរីភាព និងត្រឡប់ទៅមាតុភូមិវិញ។
រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តជំហរយ៉ាងរឹងមាំក្នុងការមិនអនុញ្ញាតឱ្យទឹកដីកម្ពុជា ក្លាយជាកន្លែងសម្រាប់ផ្ដល់ជម្រកដល់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យានោះឡើយ៕





អត្ថបទ៖ត្រយង
