រាជធានីភ្នំពេញ៖ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅឆ្នាំសិក្សា ២០២៥-២០២៦» ។
សន្និបាតដែលបានប្រព្រឹត្តទៅអស់រយៈពេល ៣ថ្ងៃនេះ បានផ្ដោតលើប្រធានបទស្នូលគឺ «គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់» ក្នុងគោលដៅឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការប្រកួតប្រជែងក្នុងតំបន់ ។
សមិទ្ធផលគួរឱ្យមោទនៈ និងការងើបឡើងនៃវិស័យអប់រំ
អង្គសន្និបាតបានអបអរសាទរចំពោះកំណើនសិស្សចូលរៀននៅគ្រប់កម្រិត និងលទ្ធផលល្អប្រសើររបស់សិស្សកម្ពុជាក្នុងតេស្តរង្វាយតម្លៃកម្រិតតំបន់ (SEA-PLM) ដែលបង្ហាញពីសន្ទុះកំណើនយ៉ាងលឿនក្នុងផ្នែកអំណាន និងគណិតវិទ្យា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា មានតែធនធានមនុស្សដែលមានភាពធន់ប៉ុណ្ណោះ ទើបអាចការពារស្ថិរភាពសង្គម និងជំរុញសេដ្ឋកិច្ចជាតិក្នុងបរិបទពិភពលោកដែលមិនប្រាកដប្រជាបាន ។
ទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ឆ្នាំសិក្សាថ្មី
ដើម្បីបន្តកែលម្អប្រព័ន្ធអប់រំឱ្យកាន់តែប្រសើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានដាក់ចេញនូវវិធានការគន្លឹះមួយចំនួន រួមមាន៖
- ការពង្រឹងសាលារៀនគំរូ និងគន្លងអប់រំថ្មី៖ ជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ និងចាប់ផ្តើមតម្រង់ទិសសិស្សចាប់ពីថ្នាក់ទី ៧ ព្រមទាំងបែងចែកគន្លងសិក្សាចាប់ពីថ្នាក់ទី ១០ ទៅតាមសមត្ថភាព និងឧប្បនិស្ស័យរបស់សិស្ស ។
- ការលើកកម្ពស់គុណភាពបឋមសិក្សា៖ ផ្ដោតលើអំណាន និងគណិតវិទ្យាថ្នាក់ដំបូង តាមរយៈការផ្ដល់កញ្ចប់សម្ភារសិក្សា (EGL) និងការប្រើប្រាស់ថ្នាលឌីជីថល (PLP) ។
- ការបង្កើនម៉ោងសិក្សា៖ ជំរុញការបង្រៀនពេញមួយថ្ងៃ និងបង្កើនម៉ោងសិក្សាយ៉ាងតិច ២ម៉ោងក្នុងមួយថ្ងៃ លើមុខវិជ្ជាគោលដូចជា ភាសាខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រ ។
- បរិវត្តកម្មឌីជីថល និង AI៖ រៀបចំថ្នាក់រៀនឌីជីថល និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនឱ្យចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀន និងការស្រាវជ្រាវ ។
- ការអភិវឌ្ឍយុវជន និងកីឡា៖ បណ្តុះស្មារតីស្នេហាជាតិ គុណតម្លៃអត្តសញ្ញាណខ្មែរ និងបំណិនសតវត្សទី២១ ដល់យុវជន ព្រមទាំងពង្រឹងការងារសុខភាពសិក្សានិងអាហារូបត្ថម្ភតាមសាលារៀន ។
ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីអប់រំ គ្រូបង្រៀន ជាពិសេសបុគ្គលិកអប់រំនៅតាមខេត្តដែលរងផលប៉ះពាល់ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីផ្ដល់សេវាអប់រំជូនដល់សិស្សានុសិស្សទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ៕





អត្ថបទ៖ត្រយង
