ភ្នំពេញ៖ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ សៀវភៅក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ (MEL) សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ។
លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថា ឯកសារក្របខ័ណ្ឌ MEL នេះ គឺជាលទ្ធផលនៃការសិក្សាយ៉ាងទូលំទូលាយ និងការចុះប្រមូលធាតុចូលដោយផ្ទាល់នៅតាមស្ថាប័ន និងបណ្តាខេត្តនានា ដើម្បីធានាបាននូវសុក្រឹតភាពស្របតាមស្ដង់ដារតំបន់។ ឯកសារនេះនឹងដើរតួជា៖
- បង្អែកសម្រាប់តាមដាន និងរាយការណ៍៖ ជួយឱ្យការបូកសរុបលទ្ធផលការងារមានភាពត្រឹមត្រូវតាមបច្ចេកទេស។
- ឧបករណ៍វាស់វែងវឌ្ឍនភាព៖ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ក្នុងការប្តេជ្ញាចិត្តលុបបំបាត់អំពើជួញដូរមនុស្ស។
- មូលដ្ឋានសម្រាប់កែលម្អ៖ ជួយកំណត់នូវចំណុចខ្លាំង និងបញ្ហាប្រឈម ដើម្បីដកពិសោធន៍ និងកែលម្អការអនុវត្តឱ្យកាន់តែប្រសើរឡើង ឈានទៅសម្រេចបានលទ្ធផលតាមការរំពឹងទុក។
ការបង្កើតសៀវភៅក្របខ័ណ្ឌ MEL នេះ ទទួលបានការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីអាស៊ាន-អូស្ត្រាលី ប្រឆាំងការជួញដូរមនុស្ស (ASEAN-ACT)។
គួររំលឹកផងដែរថា ផែនការយុទ្ធសាស្ត្រជាតិ ២០២៤-២០២៨ មានគោលដៅចម្បងក្នុងការលុបបំបាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស មិនថាជាទម្រង់ចាស់ ឬថ្មី ដែលបង្កឡើងដោយឧក្រិដ្ឋជនតាមគ្រប់មធ្យោបាយ។ យុទ្ធសាស្ត្រនេះផ្តោតសំខាន់លើការការពារសិទ្ធិ និងផលប្រយោជន៍របស់មនុស្សគ្រប់វ័យ គ្រប់យេនឌ័រ ដែលរងគ្រោះដោយការកេងប្រវ័ញ្ចទុច្ចរិត ទាំងនៅក្នុងដែនសមត្ថកិច្ចកម្ពុជា និងប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេស។
ការដាក់ចេញនូវឧបករណ៍តាមដាន និងវាយតម្លៃនេះ បង្ហាញពីជំហានដ៏រឹងមាំមួយទៀតរបស់កម្ពុជា ក្នុងការធានាថា រាល់សកម្មភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ត្រូវបានអនុវត្តដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុត៕




អត្ថបទ៖ត្រយង
