ភ្នំពេញ ៖ ដើមផ្កាអង្គាសិល្ប៍ត្រូវបានបងប្អូនអាជីវករ ដឹកបញ្ជូនមកដាក់តាំងលក់ ខណៈដែលបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម ជិតមកដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។ ដើមផ្កាអង្គាសិល្ប៍ ជារុក្ខជាតិមួយប្រភេទ ដែលគេពេញនិយម យកទៅដាំ តាំងលម្អគេហដ្ឋាន ហាង ក្រុមហ៊ុនផ្សេងៗ ផ្កាជាមានសោភ័ណ្ឌភាពមួយបែប។

បើតាមការលើកឡើងរបស់ពលរដ្ឋ ដើមផ្កាអង្គាសិល្ប៍ ជារុក្ខជាតិមួយប្រភេទ ដែលគេដាំ តាំងលម្អ មានសោភ័ណ្ឌភាព ស្រស់ស្អាត ហើយក៏ជាផ្កាដែលអ្នកប្រកាន់ជំនឿបែបចិន វៀតណាម ថាជាផ្កានាំលាភ នាំសំណាងផងដែរ ជាទំលាប់ ខណៈដែលបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម មកដល់ គេពេញនិយម រកដើមផ្កាអង្គាសិល្ប៍ យកទៅដាក់តាំង គេហដ្ឋាន ហាង ក្រុមហ៊ុន ។

ជួបជាមួយ អាជីវករម្នាក់ ឈ្មោះ យឹម យុី ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរៀបរាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា គាត់និងក្រុមគ្រួសារ បានដើររកកាប់ដើមផ្កាអង្គាសិល្ប៍ នៅតាមតំបន់ព្រៃភ្នំ ក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ តំបន់ព្រៃជ្រៅ ដាច់ស្រយាល ដើម្បីយកមកដាក់តាំងលក់ នៅផ្លូវជាតិលេខ៤ ខាងមុខវត្តជម្ពូវ័ន ខណៈដែលបុណ្យចូលឆ្នាំចិន វៀតណាម ជិតមកដល់ ។

លោកបន្តទៀតថា គាត់ជួបការលំបាកខ្លាំងក្នុងការស្វែងរកដើរកាប់ដើមផ្កាអង្គាសិល្ប៍ ទម្រាំបាន ចំណាយពេលស្វែងរកយូរថ្ងៃ អស់ថវិកាក៏ច្រើន បានមកហើយ ថៃទាំ តុបតែងដើមឱ្យចេញផ្កា ទើបបានគេទិញ ។ ក្នុងការលក់ដូរទៀតសោត តម្លៃផ្កា អាស្រ័យទៅលើ សភាពដើម សភាពផ្កា ដើមផ្កាលក់បានក្នុងតម្លៃពី១មុឺនរៀល ដល់៤០មុឺនរៀល ពោលអាស្រ័យដើម ចេញផ្កាតិច ឬច្រើន ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.