ខេត្តកែប៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន និងវៀតណាម។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរង នាយការិយាល័យ អធិការក្រុង-ស្រុក និងកម្លាំងអន្តរាគមន៍ពាក់ព័ន្ធជាច្រើនរូប ដើម្បីអនុវត្តតាមសេចក្តីណែនាំលេខ ០០៣ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
វិធានការគន្លឹះទាំង ៧ ចំណុច របស់លោកស្នងការ
បន្ទាប់ពីបានស្តាប់ការបង្ហាញផែនការលេខ ៧/២៦ ផ.ក រួចមក លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បានដាក់ចេញនូវបទបញ្ជា និងគោលការណ៍ម៉ឺងម៉ាត់ចំនួន ៧ ចំណុច ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ៖
- ១. បង្ក្រាបរាល់សកម្មភាពបង្កចលាចល៖ បង្កើនកិច្ចសហការក្តាប់សភាពការណ៍ ដើម្បីបង្ការ និងទប់ស្កាត់រាល់សកម្មភាពល្មើសច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាពសន្តិសុខ។
- ២. ពង្រឹងសន្តិសុខតាមតំបន់សក្ការៈ និងទេសចរណ៍៖ យកចិត្តទុកដាក់ខ្ពស់នៅតាមវត្តអារាម វិហារចិន-វៀតណាម និងរមណីយដ្ឋាននានាទូទាំងខេត្ត ដែលមានមនុស្សជួបជុំច្រើន។
- ៣. ការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋ៖ ចាត់តាំងកម្លាំងយាមកាម និងល្បាតតាមភូមិឋាន ដើម្បីការពារផ្ទះសម្បែងជូនប្រជាពលរដ្ឋដែលខកខានមិនបាននៅផ្ទះ ដោយសារទៅស្រុកកំណើត ឬដើរកម្សាន្ត។
- ៤. ទប់ស្កាត់ក្មេងទំនើង និងគ្រឿងញៀន៖ បង្ក្រាបឱ្យទាន់ពេលវេលានូវរាល់បទល្មើសព្រហ្មទណ្ឌ ល្បែងស៊ីសង គ្រឿងញៀន និងសកម្មភាពក្មេងទំនើងតាមដងផ្លូវ។
- ៥. សម្រួលចរាចរណ៍ និងកាត់បន្ថយការកកស្ទះ៖ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិ និងទីប្រជុំជន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ។
- ៦. បង្ការគ្រោះអគ្គិភ័យ៖ ផ្សព្វផ្សាយអប់រំដល់ពលរដ្ឋឱ្យមានស្មារតីប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈកម្លាំង-មធ្យោបាយសង្គ្រោះ ២៤/២៤ ម៉ោង ក្នុងករណីមានគ្រោះអាសន្ន។
- ៧. រឹតបន្តឹងច្បាប់ចរាចរណ៍៖ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងយប់ទាំងថ្ងៃ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងបង្ការបទល្មើសផ្សេងៗ។
ជាកិច្ចបញ្ចប់ លោកស្នងការបានសង្កត់ធ្ងន់ថា កងកម្លាំងទាំងអស់ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្កបរិយាកាសសង្គមឱ្យមានភាពកក់ក្តៅ និងសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងឱកាសបុណ្យប្រពៃណីនេះ៕



អត្ថបទ៖ត្រយង
