កំពង់ធំ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹកនាំមន្ត្រីជំនាញចុះអនុវត្តវិធានជីវសុវត្ថិភាព ដោយបាញ់ថ្នាំសម្លាប់មេរោគលើមធ្យោបាយដឹកជញ្ជូនសត្វរស់គ្រប់ប្រភេទ និងតាមសត្តឃាតដ្ឋាន ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដែលមានតម្រូវការសាច់សត្វកើនឡើង។

ការចុះអនុវត្តនេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់របស់លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរ និងដឹកនាំដោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីបង្ការ ទប់ស្កាត់ និងការពារការឆ្លងរាលដាលជំងឺសត្វ ជាពិសេសការពារសុខភាពសាធារណៈ។
ជាលទ្ធផល ក្រុមការងារបានបាញ់ថ្នាំសម្លាប់មេរោគលើរថយន្តដឹកសត្វសរុប ៣០គ្រឿង ក្នុងនោះរថយន្តដឹកជ្រូក ១០គ្រឿង និងរថយន្តដឹកមាន់ ២០គ្រឿង ព្រមទាំងចុះអនុវត្តវិធានជីវសុវត្ថិភាពនៅសត្តឃាតដ្ឋានក្រុងស្ទឹងសែន និងសត្តឃាតដ្ឋានស្រុកតាំងគោក ហើយនឹងបន្តអនុវត្តជាបន្តបន្ទាប់នៅតាមបណ្ដាសត្តឃាតដ្ឋាន និងមធ្យោបាយដឹកជញ្ជូនសត្វផ្សេងៗទៀត។

ជាមួយគ្នានេះ លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានជំរុញឱ្យម្ចាស់រថយន្តដឹកសត្វរស់ដែលឆ្លងកាត់ខេត្តកំពង់ធំ អញ្ជើញមកបាញ់ថ្នាំសម្លាប់មេរោគឱ្យបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយហានិភ័យជំងឺឆ្លង។ព្រមទាំងបានអំពាវនាវដល់ប្រជាកសិករចិញ្ចឹមគោ ក្របី ចូលរួមចាក់វ៉ាក់សាំងការពារជំងឺជាប្រចាំ និងរាយការណ៍ជាបន្ទាន់ទៅភ្នាក់ងារសុខភាពសត្វ ឬអាជ្ញាធរមូលដ្ឋាន ប្រសិនបើសង្កេតឃើញសត្វមានបញ្ហាសុខភាព ដើម្បីឱ្យក្រុមការងារជំនាញចុះអន្តរាគមន៍បានទាន់ពេលវេលា។

អត្ថបទ៖ កំពង់ធំ

