កំពង់ធំ៖ កម្មវិធីផ្សព្វផ្សាយ “លើកកម្ពស់ផលិតភាពផលិតផលក្នុងស្រុកទៅតាមស្តង់ដារ និងការប្រកួតប្រជែងទីផ្សារជាតិ និងអន្តរជាតិដោយស្មើភាព” ត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ធំ ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ អាជីវករ និងសិស្ស-និស្សិតជាច្រើននាក់។ កម្មវិធីនេះ បង្ហាញដោយលោកស្រីអនុបណ្ឌិត ច័ន្ទ លក្ស្មី ស្ថាបនិកផលិតផលខ្មែរយីហោ AYVD រួមជាមួយលោក សួគ៌ ភិរម្យ នាយកប្រតិបត្តិគម្រោង និងលោក វុិន ស្រ៊ាន នាយកទីផ្សារ។

លោកស្រីអនុបណ្ឌិត ច័ន្ទ លក្ស្មី បានបញ្ជាក់ថា គោលបំណងសំខាន់គឺជំរុញការកែច្នៃផលិតផលក្នុងស្រុកឱ្យមានគុណភាពស្របតាមស្តង់ដារ ដើម្បីអាចប្រកួតប្រជែងបានទាំងក្នុងទីផ្សារជាតិ និងអន្តរជាតិ។ ចំណែកលោក សួគ៌ ភិរម្យ បានលើកឡើងថា កម្មវិធីនេះមានចក្ខុវិស័យបង្កើតផលវិជ្ជមានដល់សង្គម តាមរយៈការបង្កើនផលិតភាពសហគមន៍ បង្កើតឱកាសការងារ ជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់សុខភាព សមភាពយេនឌ័រ និងការអភិរក្សធនធានធម្មជាតិយ៉ាងចីរភាព។

លោក វុិន ស្រ៊ាន បានបន្ថែមថា គម្រោងផ្តោតលើការកែច្នៃ និងអភិវឌ្ឍស្តង់ដារផលិតផលកសិកម្ម ដោយសហការជាមួយសហគមន៍ផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីបង្កើនតម្លៃបន្ថែម និងផលិតបានជាផលិតផលសម្រេចដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងអាចចែកចាយទាំងក្នុងប្រទេស និងនាំចេញទៅទីផ្សារអន្តរជាតិ។

បច្ចុប្បន្ន ផលិតផលយីហោ AYVD ដែលកំពុងចែកចាយលើទីផ្សារ រួមមាន ទឹកដោះគោមាស (Golden Mix), កាហ្វេក្រវ៉ាញ (Cardafin Mix), ប្រេងធម្មជាតិ, ប្រេងចន្ទន៍, ប្រេងបណ្តេញមូសធម្មជាតិ, អាល់កុលសម្លាប់មេរោគ និងសាប៊ូរមៀតមាស។
កម្មវិធីនេះក៏បានអំពាវនាវឱ្យអាជីវករ និងប្រជាពលរដ្ឋ ចូលរួមគាំទ្រផលិតផលខ្មែរ ដែលមានគុណភាព និងសុវត្ថិភាពដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ។

Share.