ភ្នំពេញ ៖ ផ្ទះចំនួន៤ល្វែងជាប់គនា ដែលកំពុងប្រកបរបរអាជីវកម្មលក់ដូរ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់ទាំងទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ បង្កឱ្យភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងចេញទៅអន្តរាគមន៍ កាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្លូវចោមចៅ ក្បែរស្ពានអាកាសចោមចៅ ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនដំបូងគេឃើញភ្លើងឆាបឆេះចេញពីស្លាកប៉ាណូ លើសំយ៉ាបមុខផ្ទះ លក់សំបកកង់រថយន្ត ហើយភ្លើងឆេះកាន់តែខ្លាំងរាលដាលទៅផ្ទះផ្សេងទៀត យ៉ាងសន្ធោសន្ធៅ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ផ្ទះចំនួន៤ល្វែងរងនូវអគ្គិភ័យឆាបឆេះ ៖ ទី១ ផ្ទះលក់សំបកកង់រថយន្ត ទំហំ៤ម៉ែត្រx១៨ម៉ែត្រ កម្ពស់២ជាន់ រងខូចខាតអស់ទាំងស្រុង ទាំងសម្ភារៈ ។ ទី២ ផ្ទះលក់ម៉ាសុីនត្រជាក់ ទូទឹកកក ទំហំ៤ម៉ែត្រx១៨ម៉ែត្រ អស់ទាំងទ្រព្យសម្បត្តិ ម្ចាស់ឈ្មោះ ឯម វណ្ណី ភេទស្រី អាយុ២៧ឆ្នាំ ។ ទី៣ ផ្ទះ ទ្រី លីហេង ប្រកបរបរបើកហាងបញ្ចាំរថយន្ត និងលក់រថយន្ត ចំនួន២ល្វែងជាប់គ្នា ទំហំ៨ម៉ែត្រx១៨ម៉ែត្រ ខូចខាតអស់ទ្រព្យសម្បត្តិ ឆេះរថយន្តអស់ចំនួន២គ្រឿង។

គ្រោះអគ្គិភ័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យ របស់អង្គភាព៧១១ កងពលតូចលេខ៧០ រថយន្តស្នងការរាជធានីភ្នំពេញ រថយន្តក្រសួងមហាផ្ទៃ បាញ់ទឹកពន្លត់ភ្លើង រហូតដល់វេលាម៉ោង១និង១០នាទីរំលងអធ្រាត្រចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ទើបភ្លើងរលត់។

ក្នុងប្រតិបត្តិការខាងលើ មានមន្ត្រីនគរបាលខាងពន្លត់អគ្គិភ័យម្នាក់ ឈ្មោះ អុឹង លីហៀង ភេទប្រុស អាយុ២៣ឆ្នាំ ពុលផ្សែងរហូតដល់សន្លប់បាត់ស្មារតី នៅវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃដដែល ត្រូវបានកងសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយសង្គ្រោះនិងដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗ។

Share.