ការសម្រេចចិត្តរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការចុះហត្ថលេខាបន្តស្ថានភាពអាសន្នជាតិ និងវិធានការទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ានាថ្មីៗនេះ មិនមែនជារឿងចៃដន្យ ឬគ្រាន់តែជាការអនុវត្តតាមនីតិវិធីច្បាប់ទម្លាប់នោះទេ។ ផ្ទុយទៅវិញ អ្នកឃ្លាំមើលព្រឹត្តិការណ៍យល់ថា វាគឺជាការបើកទំព័រថ្មីនៃយុទ្ធសាស្ត្រឬការទូតបែបដោះដូរផលប្រយោជន៍ដែលលោក ត្រាំ ធ្លាប់ប្រើប្រាស់យ៉ាងស្ទាត់ជំនាញក្នុងអាណត្តិមុនៗ។

អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនៅក្នុងការសម្រេចចិត្តលើកនេះ គឺភាពផ្ទុយគ្នាយ៉ាងខ្លាំងរវាងរូបភាពខាងក្រៅ និងសកម្មភាពជាក់ស្តែង។ ក្នុងនាមជាមហាអំណាចលេខមួយ សហរដ្ឋអាមេរិកនៅតែបន្តបង្ហាញជំហររឹងមាំតាមរយៈការដាក់ទណ្ឌកម្ម ដើម្បីរក្សាមុខមាត់ជាអ្នកការពារប្រជាធិបតេយ្យ។ ប៉ុន្តែនៅពីក្រោយឆាក ការកាត់បន្ថយថវិកាជំនួយដល់ក្រុមតស៊ូ និងអង្គការក្រៅរដ្ឋាភិបាល រួមទាំងការរឹតបន្តឹងលើជនភៀសខ្លួនតាមរយៈការលុបចោលស្ថានភាព TPS បានបង្ហាញឱ្យឃើញថា តម្លៃនៃសិទ្ធិមនុស្ស ហាក់មិនមែនជាអាទិភាពចម្បងរបស់រដ្ឋបាលលោក ត្រាំ ទៀតឡើយ។

ប្រសិនបើពិនិត្យមើលឱ្យស៊ីជម្រៅ មីយ៉ាន់ម៉ាមិនមែនគ្រាន់តែជាប្រទេសដែលមានវិបត្តិផ្ទៃក្នុងនោះទេ ប៉ុន្តែគឺជាសន្លឹកបៀដ៏សំខាន់ក្នុងល្បែងប្រជែងអំណាចជាមួយចិន។ ការដំឡើងពន្ធនាំចូលរហូតដល់ ៤០% អាចមើលឃើញថាជាការដាក់សម្ពាធឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ងាកមកតុចរចាជាមួយអាមេរិក។ ផ្ទុយទៅវិញគោលដៅពិតប្រាកដ អាចមិនមែនដើម្បីសន្តិភាពយូរអង្វែងសម្រាប់ពលរដ្ឋមីយ៉ាន់ម៉ានោះទេ ពោលដើម្បីរារាំងឥទ្ធិពលរបស់ចិនដែលកំពុងពង្រីកតាមរយៈគម្រោងខ្សែក្រវាត់ និងផ្លូវ និងដើម្បីចូលទៅគ្រប់គ្រងប្រភពរ៉ែកម្រដែលជាវត្ថុធាតុដើមដ៏មានតម្លៃបំផុតសម្រាប់បច្ចេកវិទ្យាសន្តិសុខនាពេលអនាគត។

គួរដឹងថា តាមបទពិសោធន៍ពីកិច្ចប្រជុំកំពូលជាមួយកូរ៉េខាងជើងនៅកោះសេនតូសា កាលពីឆ្នាំ ២០១៨ បានឱ្យដឹងថា ការចាប់ដៃគ្នា និងការចុះហត្ថលេខាលើក្រដាស មិនមែនមានន័យថាទទួលបានសន្តិភាពពិតប្រាកដនោះទេ។ មីយ៉ាន់ម៉ាក៏ដូចគ្នាដែរ ការដាក់សម្ពាធពីលោកខាងលិច ជារឿយៗមិនអាចធ្វើឱ្យមេដឹកនាំមីយ៉ាន់ម៉ាញាប់ញ័រនោះទេ ដរាបណាពួកគេនៅមានការគាំទ្រពីប្រទេសជិតខាង និងមហាអំណាចក្នុងតំបន់ដូចជាចិន។

យុទ្ធសាស្ត្ររបស់លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ ២០២៦ នេះ ហាក់ដូចជាការព្យាយាមបង្ខំឱ្យចរចាច្រើនជាងការដោះស្រាយវិបត្តិ។ ប្រសិនបើការចរចាកើតឡើងមែន វានឹងក្លាយជាការសាកល្បងដ៏ធំមួយសម្រាប់តំបន់អាស៊ាន និងពិភពលោកថា តើលទ្ធផលនឹងចេញមកជាសន្តិភាពពិតប្រាកដ ឬគ្រាន់តែជាការរៀបចំអំណាចថ្មីដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

ជារួមមកវិញ អ្នកវិភាគព្រឹត្តិការណ៍អន្តរជាតិសួរថា តើវាសនារបស់ប្រជាជនមីយ៉ាន់ម៉ានឹងត្រូវបានយកមកធ្វើជាកម្មវត្ថុដោះដូរក្នុងល្បែងនយោបាយរបស់លោក ដូណាល់ ត្រាំ នេះដែរឬទេ?

Share.