
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជា និងឡាវ បានបង្ហាញឆន្ទៈមោះមុតក្នុងការរុញច្រានទំនាក់ទំនងយោធាឱ្យឈានដល់កម្រិតថ្មីមួយទៀត ដោយផ្ដោតលើការបណ្ដុះបណ្ដាលធនធានមនុស្ស ការទប់ស្កាត់បទល្មើសឆ្លងដែន និងការត្រៀមលក្ខណៈរួមគ្នាឆ្លើយតបនឹងគ្រោះមហន្តរាយតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ។
នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសាមគ្គីភាព កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដមឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបពិភាក្សាលើរបៀបវារៈសន្តិសុខសំខាន់ៗ។
សម្ដេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ឱ្យវិស័យការពារជាតិនៃប្រទេសទាំងពីរ បង្កើនសកម្មភាពចែករំលែកបទពិសោធន៍ និងបណ្ដុះបណ្ដាលធនធានមនុស្សឱ្យកាន់តែផុលផុស។ សម្ដេចបានសង្កត់ធ្ងន់លើការផ្ដល់អាហារូបករណ៍ក្នុងវិស័យយោធាទៅវិញទៅមក ដើម្បីកសាងមូលធនមនុស្សក្នុងជួរកងទ័ពឱ្យកាន់តែមានសមត្ថភាពខ្ពស់ ឆ្លើយតបនឹងសេចក្ដីត្រូវការនៃប្រទេសទាំងពីរ។
ជាចំណុចថ្មី និងសំខាន់នៃកិច្ចសហប្រតិបត្តិការ គឺការជំរុញឱ្យកងទ័ព និងអាជ្ញាធរព្រំដែនទាំងពីរ ត្រៀមលក្ខណៈរួមគ្នាដើម្បីគ្រប់គ្រងគ្រោះមហន្តរាយ។ សម្ដេចតេជោ បានលើកឡើងថា ក្រៅពីការរក្សាសន្តិសុខ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កងទ័ពទាំងពីរត្រូវមានផែនការរួមគ្នាសម្រាប់សង្គ្រោះក្នុងករណីមាន ទឹកជំនន់ ឬភ្លើងឆេះព្រៃនៅតាមបណ្ដោយព្រំដែន ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ។
ជាការឆ្លើយតប ឯកឧត្ដមឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះស្ថិរភាព និងសន្តិភាពនៅតាមព្រំដែនកម្ពុជា-ឡាវ នាពេលបច្ចុប្បន្ន។ ឯកឧត្ដមបានជម្រាបជូនសម្ដេចតេជោថា តាមរយៈជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ភាគីឡាវបានដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគីក្នុងក្របខ័ណ្ឌកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
ដំណើរទស្សនកិច្ចរបស់ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវនាពេលនេះ ត្រូវបានចាត់ទុកថាជាចលករដ៏មានឥទ្ធិពល ក្នុងការបន្តពូនជ្រុំមិត្តភាពជាប្រពៃណី និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានសាងសង់ឡើង ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីឡាវកាលពីពេលថ្មីៗកន្លងទៅ៕



