ច្បាស់លាស់ហើយ សម្រាប់សមាសភាពសម្ព័ន្ធភាពផ្លូវការរបស់គណបក្សភូមិចៃថៃ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី អាណត្តិទី៣៣នេះ ដែលរួមមាន៖ គណបក្សភូមិ ចៃថៃ ក្នុងនាមជាអ្នកដឹកនាំមាន ១៩៣ សំឡេង, គណបក្សភឿថៃ (Pheu Thai) ៧៤ សំឡេង និងបក្សតូចៗដែលបង្ហាញបំណងចូលរួមរដ្ឋាភិបាល រួមមាន បក្សកម្លាំងប្រជារដ្ឋ (Palang Pracharath) ៥ សំឡេង, បក្សសេដ្ឋកិច្ច ៣ សំឡេង និងបក្សតូចៗផ្សេងទៀត ដែលធ្វើឱ្យ “រដ្ឋាភិបាលភូមិចៃថៃ” មានសំឡេងគាំទ្របឋមចំនួន ២៨០ សំឡេង ដែលលើសពីពាក់កណ្តាលនៃកៅអីសភា។

អាស្រ័យហេតុនេះ ទោះបីជាមុននេះ លោក អានុទិន ឆានវីរៈកូល នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា នឹងបន្តដើរចរចាជាមួយបក្សនយោបាយផ្សេងៗតាមលំដាប់លំដោយក៏ដោយ ប៉ុន្តែ “អាថ៌កំបាំងស៊ីជម្រៅ” បានបង្ហាញឱ្យឃើញច្បាស់ពីការដើរហ្គេមដែលភាគីនីមួយៗផ្ញើសញ្ញាទៅកាន់គ្នាទៅវិញទៅមក ដោយសញ្ញាចេញពីលោក អនុទិន លោកមានបំណងបង្កើតរដ្ឋាភិបាលពណ៌ទង់ជាតិ ដែលប្រហែលជាមិនមានបក្ស ពណ៌បៃតង ក្លាថាំ នៅក្នុងជួររដ្ឋាភិបាលថ្មីនេះទេ។
ការបង្ហាញសមាស៨បក្ស ពណ៌ខៀវ គឺជាសញ្ញាបញ្ជាក់ច្បាស់ថា អនុទិន កំពុងកាត់បន្ថយអំណាចចរចារបស់ លោក ធម្មាណាត់ មេបក្សបៃតង ដែលព្យាយាមប្រមូលសំឡេងបក្សតូចៗមកធ្វើជាសម្ព័ន្ធមិត្ត ដើម្បីបង្កើនលក្ខខណ្ឌ អាចចូលរួមរដ្ឋាភិបាលថ្មីនេះ។
យ៉ាងណាមិញ ក៏មានលេចឮដំណឹងដែរថា រដ្ឋាភិបាលថ្មីនេះ អាចជារដ្ឋាភិបាលភ្លើងស្ដុប ដែលរួមមាន ទឹកក្រូច ក្រហម និងបៃតង ដែលចង់សំដៅដល់ការចាប់ដៃគ្នារវាងបក្សបីគឺ បក្សប្រជាជន (ពណ៌ក្រូច), បក្សភឿថៃ (ពណ៌ក្រហម) និងបក្សក្លាធើម (ពណ៌បៃតង) ដើម្បីរុញបក្សភូមិចៃថៃ ទៅធ្វើជាបក្សប្រឆាំង។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មាននេះត្រូវបានគេមើលឃើញថាមានតម្លៃ “ស្មើនឹងសូន្យ” ព្រោះបក្សប្រជាជនបានប្រកាសជំហរច្បាស់ថា នឹងមិនបង្កើតរដ្ឋាភិបាលប្រជែងជាមួយភូមិចៃថៃ ឡើយ។
ទោះបីជាការមានបក្សក្លាថាំរបស់ ធម្មាណាត់ ចូលរួម ធ្វើឱ្យរដ្ឋាភិបាលមានសំឡេងលើសពី ៣០០ ក៏ដោយ ប៉ុន្តែ ចំណុចខ្សោយ គឺអំណាចចរចាក្នុងការបែងចែកកៅអីរដ្ឋមន្ត្រីក្នុង គណៈរដ្ឋមន្ត្រីអានុទិនទីពីរនេះ នឹងមានខ្ពស់តាមនោះដែរ។ នៅពេលភូមិចៃថៃ មានសំឡេងឈ្នះដាច់ដូច្នេះ ពួកគេមានទឹកមាត់និយាយអាចរក្សាក្រសួងកម្រិត A ឬក្រសួងខ្លាញ់ដូចជា៖ ក្រសួងដឹកជញ្ជូន, ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្ម និងសហករណ៍។
ខណៈដែលមានលេចឮដំណឹងចចាមអារ៉ាមថា ក្រសួងទេសចរណ៍ និងកីឡា ដែលធ្លាប់នៅក្រោមការមើលថែរបស់បក្សក្លាថាំ អាចនឹងត្រូវដណ្តើមយកមកវិញ ដោយឱ្យលោកស្រី សាប៊ីដា ថៃសេដ្ឋ មកគ្រប់គ្រងជំនួស ដើម្បីបន្តគម្រោង MotoGP នៅបូរីរ៉ាំ (Buriram) ដែលជាមូលដ្ឋានបង្អែករបស់បក្សភូមិចៃថៃ។ ប្រសិនបើគ្មាន “បក្សក្លាថាំ” នៅក្នុងជួររដ្ឋាភិបាលទេ ទ្វារសម្រាប់ គណបក្សប្រជាធិបតេយ្យ (Democrat Party) ចំនួន ២២ សំឡេង អាចនឹងបើកឡើងវិញយ៉ាងងាយស្រួល។
បាតុភូតបោះឆ្នោតឆ្នាំ ២០២៦ គឺជាការបញ្ជាក់ម្តងទៀតថា រូបមន្តនៃការបង្កើតរដ្ឋាភិបាលរបស់ “បក្សពណ៌ខៀវ” ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីបរិបទនយោបាយថៃដែលថា គ្មានមិត្តពិត និងសត្រូវជាយូរអង្វែងនោះទេ ប្រសិនបើផលប្រយោជន៍ត្រូវតែបានបែងចែករួមគ្នា។

