បាងកក៖ ដើម្បីជាការព្រមាន និងផ្ដល់សញ្ញាប្រកាសអាសន្តដល់រដ្ឋាភិបាលអនុទិន ដែលមានតែពាក្យសន្យាខ្យល់ កាលពីយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ មានសេចក្ដីរាយការណ៍ពីកម្លាំងនគរបាលថៃថា មានករណីវាយប្រហារដោយគ្រាប់បែកបានផ្ទុះចំនួន៧លើកជាប់ៗគ្នា។ បញ្ហាសន្តិសុខនៅភាគខាងត្បូងប្រទេសថៃ នៅតែជាស្រមោលដ៏ខ្មៅងងឹតចាំអន្ទោលតាមប្រាណសម្រាប់រដ្ឋាភិបាល លោក អនុទីន ឆានវីរៈគុល (Anutin Charnvirakul) ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលនេះ ប្រញាប់ដោះស្រាយបញ្ហាជាប់គាំងជាច្រើន ដែលបង្កឡើងដោយគ្រោះមហន្តរាយទឹកជំនន់។

មែនទែនទៅ ហេតុការណ៍ដែលកើតឡើងដដែលជាដដែលនេះ បានបង្ហាញពីកម្សោយ និងចន្លោះប្រហោងនៃប្រព័ន្ធការពារជាតិក្នុងខេត្តភាគខាងត្បូង ដែលបណ្តោយឱ្យក្រុមទាមទារឯករាជ្យចង់ផ្ដាច់ខ្លួនពីរដ្ឋថៃ អាចធ្វើសកម្មភាពបំផ្លិចបំផ្លាញក្នុងក្រុងបានយ៉ាងងាយស្រួល និងស្រេចតែអំពើចិត្ត។

អាជ្ញាធរខេត្តបានឱ្យដឹងថា ក្រុមទាមទារឯករាជ្យនេះបានបំបែកគ្នាធ្វើសកម្មភាពនៅពេលវេលាផ្សេងៗគ្នា ចាប់តាំងពីម៉ោង ១១យប់ រហូតដល់ម៉ោង ៥ទាបភ្លឺ ដោយបានកើតឡើងលើទីតាំងចំនួន៥ ក្នុងស្រុក Yi-ngo និង ២កន្លែងទៀត ក្នុងស្រុក Ra-ngae ប៉ុន្តែមិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ។

ទោះបីជាគ្មានរបាយការណ៍ពីអ្នកស្លាប់ត្រូវបានរាយការណ៍ក៏ពិតមែន ប៉ុន្តែទ្រព្យសម្បត្តិ និងមុខជំនួញរបស់ប្រជាពលរដ្ឋបានរងការខូចខាតយ៉ាងដំណំ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចថៃបានត្រឹមតែធ្វើការ «បិទខ្ទប់តំបន់» និង «ពិនិត្យកាមេរ៉ាសុវត្ថិភាព» ដើម្បីតាមដានជនសង្ស័យប៉ុណ្ណោះ ដែលសកម្មភាពទាំងនេះត្រូវបានគេមើលឃើញថា ជាវិធានការដេញតាមពីក្រោយព្រឹត្តិការណ៍ ច្រើនជាងការទប់ស្កាត់ជាមុន។

យ៉ាងណាម៉ិញ ការវាយប្រហារតៗគ្នានេះ កំពុងបង្កើតជាសំណួរយ៉ាងធំដល់រដ្ឋាភិបាលក្រុងបាងកក ជុំវិញការសន្យារក្សាសន្តិសុខនៅតំបន់ភាគខាងត្បូង ខណៈដែលក្រុមឧទ្ទាមនៅតែអាចបង្កភាពវឹកវរបានតាមចិត្ត ចំពេលដែលប្រទេសថៃកំពុងប្រឈមនឹងភាពតានតឹងផ្នែកនយោបាយ និងបញ្ហាព្រំដែនជាមួយប្រទេសជិតខាងផងដែរ៕

ប្រភព៖ Asia News Network

Share.