ភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានបង្ហាញសញ្ញាវិជ្ជមានក្នុងបំណងចង់សម្រេចបាននូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកដែលរំពឹងថានឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាងប៉ុន្តែនៅតែបញ្ជាក់ជំហរមិនបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឱ្យនៅកម្រិតសូន្យនោះទេ។
លោក Majid Takht-Ravanchi អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បានផ្ដល់សញ្ញាថា ប្រទេសខ្លួនត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលលើគម្រោងនុយក្លេអ៊ែរដើម្បីដោះដូរនឹងការបន្ធូរបន្ថយ វិធានការទណ្ឌកម្ម។

យោងទៅលើសេចក្តីថ្លែងការណ៍របស់ប្រធានកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីថ្ងៃច័ន្ទថាអ៊ីរ៉ង់អាចនឹងយល់ព្រមបន្ថយការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដើម្បីដោះដូរនឹងការលើកលែងទណ្ឌកម្ម ដែលនេះបង្ហាញពីភាពបត់បែនកាន់តែខ្លាំងរបស់ប្រទេសផលិតប្រេងមួយនេះ។
ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថាទីក្រុងតេអេរ៉ង់នឹងមិនទទួលយកការចម្រាញ់អ៊ុយរ៉ាញ៉ូមកម្រិតសូន្យឡើយដែលនេះជាចំណុចសំខាន់ក្នុងការចរចាកន្លងមក។ ខណៈដែលទីក្រុងវ៉ាស៊ីនតោនយល់ថាការចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ អាចឈានទៅដល់ការផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្តែអ៊ីរ៉ង់បានបដិសេធនិងអះអាងជានិច្ចថាខ្លួនធ្វើឡើងដើម្បីគោលបំណងសន្តិភាពតែប៉ុណ្ណោះ។

ចំណែកលោក Hamid Ghanbari អនុប្រធានផ្នែកការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេសអ៊ីរ៉ង់ បានលើកឡើងថា «ដើម្បីនិរន្តរភាពនៃកិច្ចព្រមព្រៀងវាជារឿងចាំបាច់ណាស់ដែលសហរដ្ឋអាមេរិកត្រូវទទួលបានផលប្រយោជន៍ក្នុងវិស័យដែលមានផលតបស្នងសេដ្ឋកិច្ចខ្ពស់និងឆាប់រហ័ស» ដោយលោកបានរៀបរាប់ពីផលប្រយោជន៍រួមក្នុងវិស័យ ប្រេងនិងហ្គាស ការវិនិយោគលើវិស័យរ៉ែ រួមទាំងការបញ្ជាទិញយន្តហោះ ដែលសុទ្ធតែត្រូវបានរាប់បញ្ចូលក្នុងការចរចានេះផងដែរ។

គួររំលឹកថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចាប់ផ្តើមការចរចាជាថ្មីកាលពីដើមខែនេះដើម្បីដោះស្រាយវិវាទនុយក្លេអ៊ែរដែលអូសបន្លាយរាប់ទសវត្សរ៍និងដើម្បីជៀសវាងការប្រឈមមុខដាក់គ្នាផ្នែកយោធាជាមួយសហរដ្ឋអាមេរិកម្តងទៀត។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះសហរដ្ឋអាមេរិកបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងនិងពង្រឹងកម្លាំងទ័ពទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយចុងក្រោយមានសេចក្តីរាយការណ៍ថាសហរដ្ឋអាមេរិកកំពុងត្រៀមលក្ខណៈសម្រាប់លទ្ធភាពនៃប្រតិបត្តិការយោធាជាបន្តបន្ទាប់រយៈពេលច្រើនសប្តាហ៍ប្រសិនបើការចរចាជាមួយអ៊ីរ៉ង់មិនទទួលបានជោគជ័យ។
ចំណែកឯអ៊ីរ៉ង់វិញក៏បានព្រមានថានឹងវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាផងដែរប្រសិនបើត្រូវបានកងទ័ពអាមេរិកវាយប្រហារមុន។
យ៉ាងណាមិញ គណៈប្រតិភូសហរដ្ឋអាមេរិកគ្រោងនឹងចរចាជាមួយមន្ត្រីអ៊ីរ៉ង់ម្តងទៀត នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃអង្គារទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ៕

