កំពង់ស្ពឺ ៖ ផ្ទះពលរដ្ឋចំនួន៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេច អស់ទាំងទ្រព្យសម្បត្តិ ដោយសារដុតធូបទៀន សែនចិនទុកចោលមិនបានប្រុងប្រយ័ត្ន កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងភូមិគោកកណ្តាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ផ្ទះទី១ ៖ សង់ពីឈើលើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដា ថ្មក្រោម ទំហំ៦ម៉ែត្រx៨ម៉ែត្រ ម្ចាស់ឈ្មោះ ប្រាក់ ចាន់ណា ភេទស្រី អាយុ៣៨ឆ្នាំ រងខូចខាតអស់ទាំងស្រុង ប្រាក់រៀលអស់ចំនួន ៧,០០ ០,០០០ រៀលនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។ ផ្ទះទី២ ៖ សង់ពីឈើលើ ដំបូលប្រក់ក្បឿង ជញ្ជាំងក្ដា ថ្មក្រោម ទំហំ៦ម៉ែត្រx៨ម៉ែត្រ ម្ចាស់ឈ្មោះ ប្រាក់ ណុំ ភេទប្រុស អាយុ៦៩ឆ្នាំ ខូចខាតអស់ទាំងស្រុង អស់ខ្សែកផ្លាកទីន ៩ជី មាស ២ តម្លឹង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។ ផ្ទះទី៣ ៖ ធ្វើពីឈើលើ ដំបូល ប្រក់ក្បឿង ជញ្ជាំងក្ដា ថ្មក្រោម ទំហំ ៦ម៉ែត្រx៨ម៉ែត្រ ម្ចាស់ឈ្មោះសឿង ធឹម ភេទប្រុស អាយុ៥៥ឆ្នាំ រងខូចខាត អស់ស្រូវ៣០បាវ ឯកសារអត្ត សញ្ញាណប័ណ្ណ១០សន្លឹក , សំបុត្រប ញ្ជាក់កំណើតចំនួន ១០សន្លឹក ឯកសារប្លង់ដី មួយចំនួនទៀត។


គ្រោះអគ្គិភ័យខាងលើ តាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា មកពីម្ចាស់ផ្ទះឈ្មោះ ប្រាក់ ណុំ ដុតធូប ទៀន សែនចូលឆ្នាំចិន ទុកចោល ធ្លាក់កម្ទេចភ្លើង ឆេះរាលដាល ហើយរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចេញទៅជួយអន្តរាគមន៍ ៕


