នៅក្នុងដង្ហើមនយោបាយតំបន់ដ៏រសើប វត្តមានរបស់ថ្នាក់ដឹកនាំកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅលើឆាកអន្តរជាតិ កំពុងក្លាយជាចំណុចដៅនៃការតាមដានយ៉ាងកិតខាងពីសំណាក់ប្រទេសជិតខាង។ នៅពេលដែលប្រទេសថៃកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៃការរៀបចំរដ្ឋាភិបាលអាណត្តិថ្មី ក្រសួងការបរទេសថៃបានបង្ហាញកង្វល់ជាសាធារណៈចំពោះសកម្មភាពការទូតដ៏រស់រវើករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។

ក្ដីបារម្ភធំធេងបំផុតរបស់ទីក្រុងបាងកក គឺលទ្ធភាពនៃជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។ រដ្ឋមន្ត្រីការបរទេសថៃលោក សីហស័ក្តិ ភួងកេតកែវ បានថ្លែងសបានទទួលស្គាល់ថា ថៃកំពុងតាមដានយ៉ាងដិតដល់នូវរាល់កិច្ចសន្ទនាទាំងឡាយដែលអាចកើតមាន។ ការណ៍ដែលថៃមិនបានចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗដូចជា ក្រុមប្រឹក្សាសន្តិភាព ដោយសារបញ្ហផ្ទៃក្នុង បានធ្វើឱ្យពួកគេមានអារម្មណ៍ថា បាត់បង់ឱកាស ក្នុងការការពារផលប្រយោជន៍ខ្លួនឯងផ្ទាល់មាត់ ចំពោះមុខមហាអំណាចពិភពលោក។

ក្រៅពីទំនាក់ទំនងជាមួយអាមេរិក ថៃក៏កំពុងស្លន់ស្លោចំពោះយុទ្ធសាស្ត្រស្វែងរកការពិតរបស់កម្ពុជានៅប្រទេសបារាំង។ ការដែលសម្តេចធិបតី ស្វែងរកឯកសារប្រវត្តិសាស្ត្រ និងផែនទីសម័យអាណានិគម បានជំរុញឱ្យភាគីថៃត្រូវរត់តាមពីក្រោយ ដើម្បីសាកសួរទៅភាគីបារាំងដូចគ្នា។ នេះសបញ្ជាក់ឱ្យឃើញថា កម្ពុជាកំពុងដើរមុនមួយជំហានក្នុងសមរភូមិឯកសារនិងបច្ចេកទេសដែលធ្វើឱ្យថៃបារម្ភថា កម្ពុជាអាចនឹងបង្ហាញព័ត៌មានតែម្ខាងជុំវិញជម្លោះព្រំដែន។

ក្នុងអំឡុងពេលដែលកម្ពុជាមានស្ថិរភាពនយោបាយរឹងមាំ និងមានថ្នាក់ដឹកនាំថ្មីដែលពោរពេញដោយថាមពលក្នុងការធ្វើការទូតបុរសកម្មប្រទេសថៃបែរជាកំពុងជាប់គាំងក្នុងអន្ទាក់នយោបាយផ្ទៃក្នុង និងការប្រទាញប្រទង់បង្កើតរដ្ឋាភិបាលថ្មីទៅវិញ។ ភាពចន្លោះប្រហោងនៃអំណាចនៅទីក្រុងបាងកកនេះ បានធ្វើឱ្យការទូតថៃហាក់មានសភាពការពារច្រើនជាងការវាយលុក។

ដូច្នោះហើយដំណើរចេញទៅក្រៅប្រទេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មិនមែនគ្រាន់តែជាទស្សនកិច្ចធម្មតានោះទេ ប៉ុន្តែវាគឺជាការបញ្ចេញឥទ្ធិពលដែលធ្វើឱ្យអ្នកជិតខាងមានការប្រុងប្រយ័ត្នខ្ពស់។ ប្រសិនបើថៃនៅតែបន្តស្ថិតក្នុងភាពមិនច្បាស់លាស់នៃរដ្ឋាភិបាលអាណត្តិថ្មី កម្ពុជានឹងបន្តទាញយកផលប្រយោជន៍ការទូតយ៉ាងសម្បើមលើឆាកអន្តរជាតិ ជាពិសេសក្នុងសំណុំរឿងព្រំដែន និងទំនាក់ទំនងជាមួយមហាអំណាចអាមេរិក៕

Share.