ក្រសួងមហាផ្ទៃ បានបន្ដរៀបចំបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ក្រុមប្រឹក្សារាជធានី-ខេត្ត និងប្រព័ន្ធគ្រប់គ្រងវត្តមាន ជូនដល់មន្ត្រីបង្គោលមកពី រាជធានី-ខេត្តចំនួន៧ រួមមាន ៖ រាជធានីភ្នំពេញ, ខេត្តកណ្ដាល, កំពង់ស្ពឺ, តាកែវ,កំពត, កែប, និងព្រះសីហនុ។
ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុំ ចំរើន អគ្គនាយករង និងជាតំណាង ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល, លោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា អគ្គនាយករង និងជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងលោក ឆាយ វីរៈ អភិបាលរង និងជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាប្រជុំរាជធានីភ្នំពេញ។

បើតាមក្រសួងមហាផ្ទៃ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងក្នុងការផ្សព្វផ្សាយ ណែនាំ និងបណ្ដុះបណ្ដាលដល់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការប្រើប្រាស់ និងគ្រប់គ្រងលើប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការដែលស្ថិតនៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងណែនាំលើមុខងារស្នើសុំអនុញ្ញាតច្បាប់ឈប់សម្រាករបស់គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមប្រព័ន្ធឌីជីថល ដើម្បីជួយពន្លឿននូវនីតិវិធីក្នុងការស្នើសុំអនុញ្ញាតច្បាប់ឈប់សម្រាក។
គិតមកដល់ពេលនេះ អគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ចំនួន ៤លើកហើយ និងលើកចុងក្រោយ រៀបចំនៅរាជធានីភ្នំពេញ ដោយមានគ្រូបង្គោលចូលរួមចំនួន ២៥រាជធានី-ខេត្ត៕


ប្រភព៖ក្រសួងមហាផ្ទៃ
