រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍ និងផែនការសកម្មភាពស្តីពី “ការរៀបចំសាលារៀននៅជំរំក្នុងខេត្តបន្ទាយមានជ័យ“ ដើម្បីធានានិរន្តរភាពនៃការសិក្សារបស់សិស្សានុសិស្សនៅតាមតំបន់ព្រំដែន។
ការចុះអង្កេត និងវាយតម្លៃស្ថានភាពជាក់ស្តែង
មុនឈានដល់កិច្ចប្រជុំសម្រេចនេះ ក្រុមការងារជំនាញបានចុះទៅពិនិត្យទីតាំងផ្ទាល់ និងជួបសម្ភាសន៍ជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ដើម្បីប្រមូលទិន្នន័យជុំវិញ៖
- កម្រិតនៃកការខូចខាតអាគារសិក្សាក្រោយជម្លោះសង្គ្រាម។
- តម្រូវការចាំបាច់ចំពោះមុខ ដើម្បីរៀបចំសាលារៀនបណ្តោះអាសន្ន។
- ការថតរូបភាព និងរៀបចំរបាយការណ៍លម្អិតអំពីស្ថានភាពភូមិសាស្ត្រ។
វិធានការស្តារឡើងវិញ និងការបែងចែកតំបន់អាទិភាព
ដើម្បីឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៅតាមព្រំដែនកម្ពុជា-ថៃ ក្រសួងបានកំណត់ផែនការស្តារឡើងវិញជាពីរដំណាក់កាល៖
- តំបន់ក្រហម៖ តំបន់ដែលនៅមានការហ៊ុមព័ទ្ធដោយយោធាថៃ (បន្តតាមដាន និងរង់ចាំ)។
- តំបន់ស្តារឡើងវិញ៖ តំបន់ដែលអាចចូលទៅរៀបចំ និងសាងសង់អាគារសិក្សាបណ្តោះអាសន្ន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការបង្រៀន និងរៀនជាបន្ទាន់។

អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
បន្ទាប់ពីបានពិភាក្សា និងស្តាប់បទបង្ហាញរួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៤ ចំណុច៖
- យន្តការការងារ៖ បង្កើតគណៈកម្មាធិការចំពោះកិច្ច ដើម្បីជំរុញការងារស្តារឡើងវិញឱ្យមានប្រសិទ្ធភាព ដោយរក្សារចនាសម្ព័ន្ធសាលាដដែល។
- ការលើកទឹកចិត្ត៖ បន្តយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់បុគ្គលិកអប់រំនៅតំបន់រងផលប៉ះពាល់ និងពង្រឹងកិច្ចសហការតាមដានសភាពការណ៍ព្រំដែន។
- ប្រសិទ្ធភាពវិនិយោគ៖ សិក្សាឱ្យបានច្បាស់លាស់ពីចំនួនសិស្ស និងទំហំវិនិយោគ មុននឹងសម្រេចផ្លាស់ប្តូរទីតាំងសាងសង់ថ្មី។
- កិច្ចសហការពហុភាគី៖ ត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី មន្ទីរអប់រំខេត្ត និងដៃគូអភិវឌ្ឍន៍ ដើម្បីធានាបាននូវការសាងសង់អគារសិក្សាស្តង់ដារឹងមាំ។

ការរៀបចំនេះ មិនត្រឹមតែជាការឆ្លើយតបចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសក្នុងការអភិវឌ្ឍសាលារៀននៅតាមតំបន់ព្រំដែនឱ្យកាន់តែប្រសើរឡើង ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព៕


អត្ថបទ៖ត្រយង
