រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ហិរញ្ញប្បទានចំនួនប្រមាណ ១លានដុល្លារអាមេរិក ដល់អង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីអនុវត្តគម្រោងរយៈពេល ២៤ខែ ក្នុងគោលបំណងលើកកម្ពស់មុខរបរ និងការងារដល់ពលករចំណាកស្រុកកម្ពុជាដែលវិលត្រឡប់មកពីប្រទេសថៃវិញ ដោយសាររងផលប៉ះពាល់ពីជម្លោះព្រំដែន។ ពិធីចុះហត្ថលេខាលើគម្រោងដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយ ឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រី ស៊ាវយៀន ឈាន នាយិកាអង្គការ ILO ប្រចាំតំបន់ កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា។

កញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងត្រូវប្រើប្រាស់ដើម្បីពង្រឹងយន្តការឆ្លើយតបថ្នាក់ជាតិឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការជួយឱ្យអតីតពលករចំណាកស្រុកអាចធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចក្នុងស្រុកវិញបានយ៉ាងរឹងមាំ។ តាមរយៈកិច្ចសហការរវាងក្រសួងការងារ និងអង្គការ ILO គម្រោងនេះនឹងបង្កើតមជ្ឈមណ្ឌលធនធានពលករចំណាកស្រុកថ្មីចំនួន ៣ កន្លែងបន្ថែមទៀត នៅក្នុងខេត្តដែលមានចំនួនពលករវិលត្រឡប់មកវិញច្រើន រួមមានខេត្តឧត្តរមានជ័យ ពោធិ៍សាត់ និងព្រះវិហារ ដើម្បីផ្តល់សេវាពិគ្រោះយោបល់ ការប្រមូលទិន្នន័យ និងជំនួយផ្នែកច្បាប់ដល់ពួកគាត់ដល់មូលដ្ឋាន។

ក្រៅពីការផ្តល់សេវាគាំទ្របច្ចេកទេស គម្រោងនេះក៏បានដាក់ចេញនូវគោលនយោបាយគាំពារ និងការលើកកម្ពស់ជំនាញយ៉ាងសកម្ម តាមរយៈការរៀបចំពិព័រណ៍ការងារនៅកម្រិតឃុំ-សង្កាត់ ការតភ្ជាប់ទំនាក់ទំនងជាមួយនិយោជកក្នុងវិស័យកាត់ដេរ សំណង់ និងផលិតកម្ម ដើម្បីធានាថាពលករមានឱកាសទទួលបានការងារសមរម្យ។ បន្ថែមលើនេះ យន្តការនៃការបណ្តុះបណ្តាលជំនាញថ្មី និងការទទួលស្គាល់ជំនាញដែលមានពីមុន (RPL) នឹងត្រូវអនុវត្តដើម្បីបង្កើនសមត្ថភាពរកការងារ និងសហគ្រិនភាព ដែលជួយឱ្យពលករអាចកសាងជីវភាពថ្មីដោយមានស្ថិរភាព និងកិត្តិយសនៅក្នុងមាតុភូមិរបស់ខ្លួន។ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីមិត្តជប៉ុននាពេលនេះ គឺពិតជាស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ពលករ និងការកសាងទីផ្សារការងាររយៈពេលវែង។ ចំណែកឯកឧត្ដមអគ្គរាជទូតជប៉ុន ក៏បានបង្ហាញមោទនភាពចំពោះភាពជាដៃគូនេះ ដែលមិនត្រឹមតែជួយស្តារជីវភាពពលករដែលរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកដល់សន្តិសុខមនុស្សជាតិ និងស្ថិរភាពនៅក្នុងតំបន់ផងដែរ៕

Share.