កំពង់ធំ៖ អាជ្ញាធរស្រុក ប្រាសាទសំបូរ ខេត្ត កំពង់ធំ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងមួយកន្លែង មានប្រវែង ១៨ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតក្នុងភូមិអន្សរក្រហាយ ឃុំឈូក នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ម្សិលមិញនេះ។

ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ រួមជាមួយមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ជាមួយគ្នាលោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានផ្តល់ជំនួយសាងសង់ស្ពាននេះ។

សូមបញ្ជាក់ដែរថា ស្ពានបេតុងខាងលើ ស្ថិតក្រោមគម្រោង «គូសាណូណិ» (Kusanone) ដែលជាជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូច ផ្នែកសន្តិសុខមនុស្សជាតិ។ គម្រោងនេះបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិកាសរុបចំនួន ១៨ម៉ឺន៥ពាន់៥៥៣ ដុល្លារអាមេរិក។

លោកអភិបាលស្រុកបានបញ្ជាក់ថា ស្ពាននេះពិតជាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋនៅភូមិអន្សរក្រហាយ និងភូមិសិរីសុខា ក្នុងការធ្វើដំណើរប្រចាំថ្ងៃ ពិសេសនៅរដូវវស្សា ដែលពីមុនត្រូវឆ្លងទូក និងប្រឈមនឹងទឹកហូរខ្លាំង។

ការសាងសង់ស្ពានថ្មីនេះ បានជួយសម្រួលដល់ការទៅទទួលសេវាសុខភាព ការដឹកជញ្ជូនកសិផល និងបន្លែ ព្រមទាំងធានាសុវត្ថិភាពសម្រាប់កុមារធ្វើដំណើរទៅសាលារៀន ធ្វើឲ្យប្រជាពលរដ្ឋមានភាពសប្បាយរីករាយ និងទទួលផលប្រយោជន៍ជាក់ស្តែងពីគម្រោងនេះ។

អត្ថបទ៖កំពង់ធំ

Share.