ស្ទឹងត្រែង ៖ ផ្ទុះធុងហ្គាសខ្នាតធំ នៅផ្ទះលក់និងប្តូរហ្គាសមួយកន្លែង បង្កជាអគ្គិភ័យឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ដែលបណ្ដាលឱ្យរងរបួសមនុស្សម្នាក់ ឯស្រ្តីជាម្ដាយជនរងគ្រោះ រន្ធត់ពេករហូតដល់សន្លប់បាត់ស្មារតី កាលពីវេលាម៉ោង៧យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតក្នុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

តាមអាជ្ញាធរបានឱ្យដឹងថា ខណៈដែលម្ចាស់ផ្ទះកំពុងបញ្ចូលហ្គាសពីធុងធំ ដាក់ចូលកំប៉ុងតូចៗ ស្រាប់តែឆាបដល់ភ្លើង បណ្តាលឱ្យផ្ទុះធុងហ្គាស ឆាបឆេះសន្ធោសន្ធៅ និងបង្កឱ្យរបួសបុរសម្នាក់។ ចំណែកម្តាយជនរងគ្រោះក្រោយឃើញហេតុការណ៍នេះ រន្ធត់ពេករហូតដល់សន្លប់ ត្រូវបានប្រជាពលរដ្ឋជិតខាងទាក់ទងរថយន្តសង្គ្រោះដឹកបញ្ជូនទាំង២នាក់ម្តាយកូនទៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា ជុំវិញគ្រោះអគ្គិភ័យខាងលើ គេឃើញ វត្តមានឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមជាមួយកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ និងទប់ស្កាត់ភ្លើងឆេះរាល៕

អត្ថបទ៖ តាតុងសែនជ័យ

Share.