កាសែតអង់គ្លេស Daily Mail បានដាក់ចំណងជើងវែងអន្លាយដោយរៀបរាប់ថា តើជីវិតដ៏សុខសប្បាយរបស់ស្ដេចព្រាននារីត្រូវបញ្ចប់ហើយមែនទេ? ស្ដេចរាមាទី១០ តែងតាំងសុនខពូជ ផុតដល ជាមេបញ្ជាការទាហានអាកាស ថែមទាំងបានចំណាយពេលអំឡុងកូវីដក្នុងសណ្ឋាគារ ដោយមានទាហានស្រីចំនួន២០នាក់នៅចាំបម្រើផ្លូវភេទ ក្នុងនោះសម្ដេចសោយរាជ្យចុងក្រោយនៃរាជវង្សចក្រី បានបញ្ជូន ស្រីស្នំដែលមិនស្មោះត្រង់បញ្ចូលគុក ប៉ុន្តែតើមរណភាពរបស់ព្រះមាតានឹងធ្វើឱ្យស្ដេចអង្គនេះប្រែប្រួលដែរទេ?

នៅក្នុងខ្លឹមសារដែលសារព័ត៌មានអង់គ្លេសបានចុះផ្សាយកាលពីថ្ងៃទី១៥ ខែកុម្ភៈ បានរៀបរាប់ពីជីវិតរបស់ ព្រះមហាក្សត្រថៃ មហា វជិរាលង្ករណ៍ ឬ រាមាទី១០ ដែលបច្ចុប្បន្នទ្រង់មានព្រះជន្មាយុ ៧៣ព្រះវស្សា ទ្រង់ត្រូវបានគេស្គាល់ថាជាព្រះមហាក្សត្រដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភជាងគេបំផុតលើលោក (ទ្រព្យសម្បត្តិ ៦៥ពាន់លានដុល្លារ) ប៉ុន្តែជីវិតឯកជនរបស់ព្រះអង្គពោរពេញទៅដោយរឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើល និងចម្លែកៗជាច្រើន ដែលពិភពលោកតែងតែតាមដាន និងជាប្រធានបទដ៏ក្ដៅគគុកសម្រាប់សសារព័ត៌មានអន្តរជាតិ។ ទោះបីជាមានទ្រព្យសម្បត្តិវាល់លាន និងអំណាចកំពូល ដែលធ្លាប់ប្រើប្រាស់ក្នុងផ្លូវ «សេរីពេក» ប៉ុន្តែការបាត់បង់ព្រះមាតា និងអាការជំងឺរបស់បុត្រីច្បង បានក្លាយជា «ចំណុចរបត់» នៃបុគ្គលិកលក្ខណៈរបស់ព្រះអង្គ។

សម្រាប់រឿងអាស្រូវ និងរូបភាពចម្លែកៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកបានឃើញរឿងជាច្រើនពីស្ដេចអង្គនេះ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលដូចជា ៖

  • ការតែងតាំងសត្វសុនខពូជ Poodle របស់ព្រះអង្គដែលមានឈ្មោះថា Foo Foo ឱ្យមានឋានន្តរស័ក្តិជា «មេបញ្ជាការកងទ័ពអាកាស»។ ហើយនៅពេលសត្វសុនខនេះងាប់ ក៏មានការរៀបចំពិធីបុណ្យតាមបែបសាសនាជិតមួយសប្តាហ៍ផងដែរ ដែលនេះគឺជាករណីដ៏កម្របំផុតក្នុងប្រវត្តិសាស្ត្ររាជវង្ស។
  • ការស្លៀកពាក់ប្លែកៗ៖ ព្រះអង្គធ្លាប់ត្រូវបានគេប្រទះឃើញស្លៀកខោខូវប៊យសំយេះគូទ និងអាវវាលខ្លីលើក្បាលពោះ (Crop top) និងបង្ហាញស្នាមសាក់នៅតាមទីសាធារណៈក្នុងប្រទេសអាល្លឺម៉ង់។ វាបានក្លាយជារឿងផ្ទុះការនិយាយវែកញែក (Viral) ពេញអ៊ីនធឺណិត ទោះបីជាមានការព្យាយាមបិទខ្ទប់ពីសំណាក់រដ្ឋាភិបាលថៃក៏ដោយ។

    ចំណែកឯជីវិតអាពាហ៍ពិពាហ៍របស់ព្រះអង្គក៏មានភាពស្មុគស្មាញ និងជួបព្យុះភ្លៀងមិនតិចដែរ ៖
  • ព្រះអង្គធ្លាប់រៀបការ ៥ ដង និងបច្ចុប្បន្នមានមហេសីពីរអង្គក្នុងពេលតែមួយ (ម្ចាស់ក្សត្រី Suthida និងអ្នកម្នាង Sineenat) ដែលជាករណីកម្រមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយ។
  • អ្នកម្នាង Sineenat ធ្លាប់ត្រូវបានដកហូតរាជសក្ដិ និងបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ ក្រោមបទចោទថា «មិនស្មោះត្រង់» មុននឹងត្រូវបានព្រះអង្គលើកលែងទោស និងទទួលយកមកវិញនៅពេលក្រោយ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញព្រះអង្គមានការប្រែប្រួលខ្លាំងក្រោយពីមរណភាពព្រះមាតា និងការវិវត្តន៍ស្ថានភាពជំងឺរបស់បុត្រីច្បង៖
  • មរណភាពព្រះមាតា (Queen Sirikit): ចាប់តាំងពីខែតុលាមក ព្រះអង្គហាក់ដកខ្លួនចេញពីជីវិតហ៊ឺហា។ ការបង្ហាញខ្លួនក្នុងពិធីបុណ្យ ១០០ថ្ងៃនៃមរណភាពព្រះមាតា បង្ហាញពីភាពក្រៀមក្រំ និងការកាន់ទុក្ខយ៉ាងជ្រាលជ្រៅ។
  • សុខភាពបុត្រីច្បង (Princess Bajrakitiyabha): ការដែលព្រះនាងស្ថិតក្នុងស្ថានភាពសន្លប់បាត់ស្មារតីជិត ៣ឆ្នាំមកនេះ គឺជាសោកនាដកម្មដ៏ធំសម្រាប់រាជវង្ស។ ព្រះនាងធ្លាប់ជាអ្នកបន្តវេនដ៏រឹងមាំម្នាក់ ប៉ុន្តែស្ថានភាពបច្ចុប្បន្នបានធ្វើឱ្យអនាគតរាជវង្សស្ថិតក្នុងភាពស្រពិចស្រពិល។

ចំណែកបុត្រាចំនួន ៤អង្គ ត្រូវបាននិរទេសទៅក្រៅប្រទេស និងលុបឈ្មោះចេញពីខ្សែរាជវង្ស បច្ចុប្បន្នមានតែព្រះបុត្រា ១អង្គ ប៉ុណ្ណោះ ព្រះនាម ធីបាងកន ដែលកំពុងត្រូវបានគេគិតថា មានជំងឺមិនប្រក្រតីពីកំណើតនោះ ខណៈអ្នកគ្រងរាជវង្សបន្ដពីព្រះបិតាស្ថិតនៅភាពមិនច្បាស់លាស់ ក្រោយពេលព្រះមហេសី សុធីតា មិនទាន់មានដំណឹងតាំងព្រះគហ៌នៅឡើយផងនោះ។

ថ្វីត្បិតតែព្រះអង្គមានទ្រព្យសម្បត្តិវាល់លាន និងធ្លាប់រស់នៅក្នុងជីវិតហ៊ឺហារគ្មានដែនកំណត់ក៏ដោយ ប៉ុន្តែព្រឹត្តិការណ៍ចុងក្រោយនេះបង្ហាញថា «លុយកាក់ និងអំណាច មិនអាចទិញនូវសេចក្តីសុខ ឬការពារមនុស្សជាទីស្រឡាញ់ពីជំងឺ និងសេចក្តីស្លាប់បានឡើយ»។

បញ្ចប់សាច់រឿងគ្រួសារត្រឹមហ្នឹងចុះ ងាក់មកចាប់អារម្មណ៍រឿងអាស្រូវផ្លូវភេទរបស់ព្រះអង្គ ក៏ល្បីល្បាញ និងមានការចាប់អារម្មណ៍ខ្លាំងពីសាធារណជនជុំវិញពិភពលោកផងដែរ ពិសេសគឺរឿងលើគ្រែរបស់ទ្រង់ក្នុងអំឡុងបិទខ្ទប់នៃជំងឺចម្លង កូវីដ-១៩ នេះតែម្ដង។

Daily Mail បានលើកឡើងថា ខណៈពេលដែលមនុស្សជុំវិញពិភពលោកនាំគ្នាជ្រកកោននៅក្នុងផ្ទះអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ ព្រះមហាក្សត្រ Vajiralongkorn បានប្រើប្រាស់ទ្រព្យសម្បត្តិដ៏មហាសាលរបស់ព្រះអង្គ ដើម្បីរស់នៅតាមរបៀបខុសប្លែកពីគេទាំងស្រុង។

អមដំណើរដោយក្រុមស្រីស្នំចំនួន ២០ នាក់ដែលមានឋានន្តរសក្តិយោធា ស្ដេចថៃបានកក់យកជាន់ទី ៤ ទាំងមូលនៃសណ្ឋាគារ Grand Hotel Sonnenbichl នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់។ ជាន់នោះត្រូវបានបំពេញទៅដោយ”កំណប់ទ្រព្យ និងវត្ថុបុរាណ” មកពីប្រទេសថៃ រួមទាំងមានបន្ទប់កម្សាន្តពិសេស (Pleasure room) ផងដែរ។

ក្រុម “ទាហានស្រីស្នំ” ទាំងនោះត្រូវបានគេនិយាយថា បានប្រមូលផ្តុំគ្នាជាអង្គភាពយោធាមួយហៅថា SAS។ អង្គភាពនេះមានបាវចនាដូចទៅនឹងកងកម្លាំងពិសេសរបស់ចក្រភពអង់គ្លេសដែរគឺ៖ “អ្នកណាហ៊ាន អ្នកនោះឈ្នះ” ។ នៅក្នុងសណ្ឋាគារ ក្រុមស្រីស្នំត្រូវបានគេផ្តល់លេខសម្គាល់តាមបែបយោធាដូចជា S01 ឬ S020 ព្រមទាំងមានឋានៈជាវរសេនីយ៍ត្រី ឬវរសេនីយ៍ឯកជាដើម។

លើសពីនេះ ក្រុមទាហានស្រីទាំងនេះក៏ទទួលបានគោរមងារកិត្តិយសដូចជា Sirivajirabhakdi ដែលមានន័យថា “ស្រីស្អាតដែលស្មោះត្រង់នឹងព្រះមហាក្សត្រ”។ បុគ្គលិកសណ្ឋាគារម្នាក់បាននិយាយនាពេលនោះថា បុគ្គលិកត្រូវបានហាមឃាត់មិនឱ្យចូលទៅជាន់ទី ៤ ដែលជាកន្លែងស្ដេច និងក្រុមបរិវារបោះជំរំស្នាក់នៅឡើយ។

លោក Andrew MacGregor Marshall អ្នកជំនាញខាងកិច្ចការប្រទេសថៃ បានប្រាប់សារព័ត៌មាន Bild ក្នុងឆ្នាំ ២០២០ ថា៖ “ជាន់ទាំងមូលពោរពេញទៅដោយវត្ថុបុរាណ និងកំណប់ទ្រព្យមកពីទីក្រុងបាងកក។ ក្រុមស្រីស្នំទាំងនេះកំពុងភ្នាល់ល្បែងដ៏ធំមួយ ដោយសង្ឃឹមថានឹងឈ្នះធំ។ អ្នកខ្លះសប្បាយចិត្តនឹងចូលរួម ព្រោះសង្ឃឹមលើទ្រព្យសម្បត្តិ និងភាពជោគជ័យសម្រាប់ខ្លួនឯង និងគ្រួសារ។ ចំណែកអ្នកខ្លះទៀត ត្រូវបង្ខំចិត្តយល់ព្រមតាមសម្ពាធរបស់ស្ដេច ដោយសារតែខ្លាចផលវិបាកប្រសិនបើពួកគេបដិសេធ”។

ការស្នាក់នៅរបស់ព្រះមហាក្សត្រក្នុងប្រទេសអាល្លឺម៉ង់ បានធ្វើឱ្យព្រះអង្គខកខានថ្ងៃប្រារព្ធពិធីរាជាភិសេក (Coronation Day) ក្នុងប្រទេសថៃ ដែលជាខួបលើកទីមួយនៃការឡើងគ្រងរាជ្យរបស់ព្រះអង្គ។ ចាប់តាំងពីពេលនោះមក ព្រះអង្គបានបន្តស្នាក់នៅក្នុងប្រទេសអាល្លឺម៉ង់ ដោយជ្រើសរើសការគ្រប់គ្រងរដ្ឋពីទីនោះជំនួសឱ្យការស្នាក់នៅក្នុងមាតុភូមិវិញ។

ទង្វើនេះបានធ្វើឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ និងប្រជាជនថៃមានការមិនពេញចិត្តយ៉ាងខ្លាំង។ ក្នុងឆ្នាំ ២០២០ លោក Heiko Maas រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់នាពេលនោះ បានថ្លែងថា រដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា “នយោបាយពាក់ព័ន្ធនឹងប្រទេសថៃ មិនត្រូវធ្វើឡើងនៅលើទឹកដីអាល្លឺម៉ង់ឡើយ”។ លោកបានបន្ថែមថា អាល្លឺម៉ង់នឹងប្រឆាំងជានិច្ចចំពោះភ្ញៀវដែលមកស្នាក់នៅក្នុងប្រទេសរបស់ខ្លួន ហើយធ្វើការគ្រប់គ្រងកិច្ចការរដ្ឋពីទីនេះ។

អ្នកនាំពាក្យក្រសួងការបរទេសម្នាក់បាននិយាយថា គោលជំហរនេះត្រូវបានបញ្ជាក់ទៅកាន់រដ្ឋាភិបាលថៃជាច្រើនលើកច្រើនសារមកហើយ ដោយតំណាងភាគីថៃបានធានាដល់អាល្លឺម៉ង់ថា ខណៈពេលដែលកិច្ចការរដ្ឋបាលត្រូវបានចាត់ចែងដោយនាយករដ្ឋមន្ត្រីថៃ ព្រះមហាក្សត្រស្នាក់នៅប្រទេសអាល្លឺម៉ង់គឺសម្រាប់មូលហេតុផ្ទាល់ខ្លួនតែប៉ុណ្ណោះ។

ព្រះមហាក្សត្រមិនត្រឹមតែជាអ្នកដែលចូលចិត្តប្រមូលសមាជិកយោធាដែលស្អាតៗសម្រាប់ទំនាក់ទំនងស្នេហាមួយគ្រានោះទេ។ ព្រះអង្គមានកេរ្តិ៍ឈ្មោះជាអ្នកស្រឡាញ់ស្រីខ្លាំងជាយូរមកហើយ សូម្បីតែព្រះមាតារបស់ព្រះអង្គផ្ទាល់ ក៏ធ្លាប់ប្រៀបធៀបព្រះអង្គទៅនឹងតួអង្គ Don Juan (ព្រាននារី) ដែរ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨២ ព្រះមាតារបស់ព្រះអង្គបានមានបន្ទូលថា៖ “កូនប្រុសរបស់ខ្ញុំ ព្រះអង្គម្ចាស់ក្សត្រា គឺមានចរិតដូចជា Don Juan បន្តិច។ គេគឺជាសិស្សល្អ ជាក្មេងល្អ ប៉ុន្តែស្ត្រីយល់ថាគេគួរឱ្យចាប់អារម្មណ៍ ហើយគេក៏យល់ថាស្ត្រីរឹតតែគួរឱ្យចាប់អារម្មណ៍ថែមទៀត”។

ប្រភព៖ Daily Mail

Share.