ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងយុគសម័យឌីជីថល និងពង្រឹងប្រសិទ្ធភាពក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់រហ័ស ក្រសួងមហាផ្ទៃបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធទទួលពាក្យបណ្ដឹងអនឡាញ” (Complaint Submission System – CSS)។

សេចក្ដីជូនដំណឹងនេះត្រូវបានចុះហត្ថលេខា និងដាក់ឲ្យអនុវត្តជាផ្លូវការដោយក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងកិច្ចការជួយពន្លឿននីតិវិធី ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

សូមចុចអាន៖ កំពតកាន់តែមានសុវត្ថិភាព និងស៊ីវិល័យ៖ ការធ្វើទំនើបកម្មកងកម្លាំងល្បាត Scooter និងប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ២៤ ម៉ោង

** តើអ្វីទៅជាប្រព័ន្ធ CSS?
ប្រព័ន្ធនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដោះស្រាយរាល់បណ្ដឹងតវ៉ា និងបណ្ដឹងបរិហាររបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ច និងសកម្មភាពរបស់មន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។ នេះគឺជាយន្តការថ្មីមួយដើម្បីធានានូវភាពយុត្តិធម៌ តម្លាភាព និងភាពស្អាតស្អំក្នុងជួរកងកម្លាំង។

យោងតាមសេចក្ដីជូនដំណឹង បានប្រាប់ពី​របៀបដាក់ពាក្យបណ្ដឹងតាមអនឡាញ (ងាយៗត្រឹមតែប៉ុន្មានជំហាន) ដោយចូលទៅកាន់គេហទំព័រដែលតំណភ្ជាប់ links នេះ https://css-gdin.interior.gov.kh/home។

បំពេញព័ត៌មាន៖ បំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់ក្នុងប្រព័ន្ធ ឬទាញយកឯកសារគំរូសម្រាប់បំពេញជាក្រដាស។

ការទំនាក់ទំនង៖ លោកអ្នកអាចស្វែងរកលេខទូរស័ព្ទទំនាក់ទំនងដែលមានក្នុងប្រព័ន្ធ ដើម្បីសាកសួរព័ត៌មានបន្ថែមក្នុងកិច្ចការដាក់បណ្ដឹងរបស់ខ្លួន។

ហេតុអ្វីលោកអ្នកគួរប្រើប្រាស់សេវានេះ?

ភាពងាយស្រួល៖ អាចដាក់បណ្ដឹងបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាមរយៈទូរស័ព្ទដៃ ឬកុំព្យូទ័រ។

  • តម្លាភាព៖ រាល់បណ្ដឹងនឹងត្រូវបានកត់ត្រា និងតាមដានដោយប្រព័ន្ធបច្ចេកវិទ្យា ចៀសវាងការបាត់បង់ឯកសារ។
  • ប្រសិទ្ធភាព៖ ជួយដល់ថ្នាក់ដឹកនាំក្នុងការពិនិត្យ និងចាត់វិធានការដោះស្រាយបានឆាប់រហ័ស។

“ក្រសួងមហាផ្ទៃ៖ ធ្វើការដើម្បីយុត្តិធម៌ និងភាពងាយស្រួលរបស់ប្រជាពលរដ្ឋក្នុងយុគសម័យឌីជីថល”

Share.