ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រឡង បានអញ្ជើញ​ជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីកាត់​បើកកញ្ចប់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសសិស្ស-និស្សិតនគរបាលអាហារូបករណ៍​ប្រចាំឆ្នាំ​២០២៥ នៅមណ្ឌលប្រឡងបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម​អភិសន្តិបណ្ឌិត បានផ្ដល់កិច្ចសម្ភាសន៍ពិសេសដោយសង្កត់ធ្ងន់លើចំណុចគន្លឹះចំនួន ៥ ដើម្បី​ឆ្លើយ​តប​​នឹង​​ការវិវត្តនៃសង្គម និងបច្ចេកវិទ្យា៖

១. ការតម្រង់ទិសលើសុខភាព កម្ពស់ និងបញ្ញាឌីជីថល

ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់យ៉ាងម៉ឺងម៉ាត់ថា ការប្រឡងឆ្នាំនេះត្រូវ​បានដំឡើង​កម្រិត​ស្ដង់ដា​រតឹងរ៉ឹងជាងបណ្ដាឆ្នាំកន្លងទៅ ដោយផ្ដោតលើមុំសំខាន់ៗរួមមាន៖ សុខភាព កម្ពស់ ទម្ងន់ និង​សមត្ថភាពជំនាញ។ ការរឹតបន្តឹងនេះ គឺជាការដើរទន្ទឹមគ្នាយ៉ាងសកម្មទៅនឹង «យុទ្ធសាស្ត្រ​បញ្ចកោណ» របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជា «រដ្ឋាភិបាលឌីជីថល» និង «ក្រសួងឌីជីថល»

ក្នុងន័យនេះ ឯកឧត្តមបានលើកឡើងនូវចំណុចគន្លឹះចំនួន ២ ដែលកងកម្លាំងត្រូវតែ​មាន​ដើម្បី​បម្រើ​ពលរដ្ឋ៖

ទី១. សុខភាពមាំមួន៖ កងកម្លាំងត្រូវតែមានសុខភាពល្អឥតខ្ចោះ។ ឯកឧត្តមបានដាក់ជាសំណួរថា ប្រសិនបើកងកម្លាំងមានជំងឺពេញខ្លួន ឬមាឌធំលើសកំណត់ តើអាចបម្រើសេវាជូន​ប្រជាពលរដ្ឋ​បាន​កម្រិតណា?

ទី២. រូបរាង និងភាពម៉ឺងម៉ាត់៖ កម្ពស់ និងមាឌ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសេចក្ដីថ្លៃថ្នូរ និង​ឥទ្ធិពល​នៃកង​កម្លាំងនគរបាលជាតិ។

ទន្ទឹមនឹងលក្ខខណ្ឌកាយសម្បទា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបើកផ្លូវ «លើកទឹកចិត្ត» ខ្ពស់​បំផុត​ចំពោះបេក្ខជនដែលមានជំនាញឯកទេស ព័ត៌មានវិទ្យា (IT) បច្ចេកវិទ្យាឌីជីថល និង​ភាសាបរទេស។ ឯកឧត្តមបានប្រសាសន៍យ៉ាងមានអត្ថន័យថា ក្នុងសម័យកាលនេះ ក្រសួងត្រូវ​ការអ្នក​ប្រើប្រាស់ «បញ្ញាជាអាវុធយុទ្ធសាស្ត្រ» ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសសម័យទំនើប ជាពិសេស​បទល្មើស​បច្ចេកវិទ្យា (Cybercrimes) និងការបោកប្រាស់អនឡាញ (Scams) ដើម្បីធានាសុខសុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​​ក្នុងពិភព​ឌីជីថល។

២. ការពង្រឹងប្រសិទ្ធភាពការងារនៅមូលដ្ឋាន និងយន្តការទប់ស្កាត់​ការ​ផ្ទេរចេញ

ពាក់ព័ន្ធនឹងការបែងចែកក្របខណ្ឌ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញ​នូវយុទ្ធសាស្ត្រ​គន្លឹះគឺ «ការជ្រើសរើសឱ្យចំគោលដៅភូមិសាស្ត្រ»។ ឯកឧត្តមបានបញ្ជាក់ថា ផ្អែកតាម​សំណើ​របស់​គណៈកម្មការជ្រើសរើសមន្ត្រីនគរបាលជាតិ ដែលមាន ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ៀង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ឯកឧត្តមសាស្ត្រាចារ្យ សេង ផល្លី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអ្នករៀបចំយ៉ាងសកម្មនោះ ថ្នាក់ដឹកនាំក្រសួងបានពិនិត្យ និងសម្រេចដាក់ចេញនូវ​គោលការណ៍​ជ្រើសរើស​បេក្ខជន​តាមមូលដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៅតាមបណ្តារាជធានី-ខេត្ត។

យន្តការសំខាន់ៗដែលត្រូវបានអនុវត្តរួមមាន៖

-ការសម្រេចជ្រើសរើសតាមភូមិសាស្ត្រ៖ ក្រោយការពិនិត្យយ៉ាងហ្មត់ចត់លើសំណើរបស់គណៈកម្មការ ក្រសួងបានប្រកាសជ្រើសរើសបេក្ខជនឱ្យទៅបម្រើការងារនៅក្នុងខេត្ត ឬតំបន់ដែលពួកគេរស់នៅផ្ទាល់ ដើម្បីធានាថា មន្ត្រីបំពេញការងារបានកៀកនឹងផ្ទះសម្បែង។

-ការកាត់បន្ថយបាតុភាពអសកម្ម៖ គោលការណ៍ «មិនឆ្ងាយពីផ្ទះ» នេះ ត្រូវបានដាក់ចេញដើម្បី ដោះស្រាយបញ្ហា «សុំផ្ទេរចេញ» ដែលកន្លងមកជារឿយៗ​តែងតែកើត​មានដោយសារ​មូលហេតុឆ្ងាយ​ពីគ្រួសារ ដែលធ្វើឱ្យមន្ត្រីមិនសូវទៅបំពេញការងារ ឬចង់ផ្លាស់ប្តូរក្របខណ្ឌ។

-អាទិភាពតំបន់ព្រំដែន៖ ជាពិសេសចំពោះអង្គភាពនគរបាលព្រំដែន ក្រសួងបានផ្តល់ឱកាសខ្ពស់​ដល់បងប្អូន​ដែលមានគ្រួសារ ឬផ្ទះសម្បែងនៅជាប់ខ្សែបន្ទាត់ព្រំដែនស្រាប់ ព្រោះពួកគាត់​មានភាព​ម្ចាស់ការ និងស្គាល់ភូមិសាស្ត្រច្បាស់លាស់ក្នុងការការពារបូរណភាពទឹកដី។

ការកំណត់រយៈពេលកាតព្វកិច្ច៖ ដើម្បីធានានិរន្តរភាពអង្គភាព ក្រសួងបានកំណត់រយៈពេលច្បាស់​លាស់​សម្រាប់មន្ត្រីថ្មីក្នុងការបំពេញភារកិច្ចនៅកន្លែងចាត់តាំង ពោលគឺមិនអនុញ្ញាតឱ្យមានការផ្លាស់​ប្តូរ​ក្របខណ្ឌដោយងាយស្រួលឡើយ ប្រសិនបើមិនទាន់គ្រប់អាណត្តិដែលបានកំណត់។

តាមរយៈការដឹកនាំ និងការសម្រេចចិត្តដ៏ត្រឹមត្រូវលើសំណើរបស់គណៈកម្មការជំនាញ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ជឿជាក់ថា យន្តការនេះនឹងជួយលើកកម្ពស់គុណភាពនៃសេវាសន្តិសុខ និងធានាបាននូវកម្លាំងដែលមានឆន្ទៈពិតប្រាកដក្នុងការបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន។

៣. យុទ្ធសាស្ត្រទំនើបកម្ម «នគរបាលឌីជីថល»

ក្នុងទិសដៅទំនើបកម្ម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងពីសមិទ្ធផល​ជាក់ស្តែង​នៃ​ការដាក់​ឱ្យប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែលឿន និង​មានតម្លាភាព។ ក្នុងនោះមានចំណុចសំខាន់ៗដូចជា៖

-ការផ្តល់សេវាតាម QR Code៖ ក្រសួងបានដាក់ឱ្យប្រើប្រាស់ការទទួលពាក្យបណ្តឹង និងការផ្តល់សេវា នានាតាមប្រព័ន្ធអនឡាញ ដែលទទួលបានការគាំទ្រលើសលប់ពីសំណាក់សាធារណជន (ជិត ១០០%)។ នេះគឺជាជំហានជោគជ័យក្នុងការកាត់បន្ថយភាពអសកម្ម និងការបង្កលក្ខណៈ​ងាយស្រួល​ដល់ពលរដ្ឋ។

-ការបណ្ដុះបណ្ដាលកម្រិតអន្តរជាតិ៖ ថ្មីៗនេះ ឯកឧត្តមបានដឹកនាំគណៈប្រតិភូទៅទស្សនកិច្ចនៅ ទីក្រុងតូក្យូ ប្រទេសជប៉ុន និងបានសំណេះសំណាលជាមួយសិស្សនគរបាលកម្ពុជាចំនួន ១៨ នាក់ និង គ្រូបង្គោល ៨ នាក់ ដែលកំពុងសិក្សាពីបច្ចេកវិទ្យាឌីជីថលទំនើប។ គោលដៅគឺ ដកស្រង់បទ ពិសោធន៍ ពីប្រទេស​ជឿនលឿន ដើម្បីយកមកអនុវត្ត និងពង្រឹងសមត្ថភាពមន្ត្រីជំនាញនៅកម្ពុជា។

-គោលដៅយុទ្ធសាស្ត្រឆ្នាំ២០២៨៖ ឯកឧត្តមមានចក្ខុវិស័យច្បាស់លាស់ថា ចាប់ពីពេលនេះរហូតដល់ ឆ្នាំ២០២៨ ក្រសួងមហាផ្ទៃនឹងមានធនធានមន្ត្រីជំនាញឌីជីថលយ៉ាងច្រើនកុះករ ដើម្បីពង្រឹង សន្តិសុខផ្ទៃក្នុង និងឆ្លើយតបទៅនឹងការវិវត្តនៃបទល្មើសបច្ចេកវិទ្យា (Cybercrimes)។

-ការតាមដានវត្តមានតាមប្រព័ន្ធអេឡិចត្រូនិក៖ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានរៀបចំប្រព័ន្ធ ឌីជីថលដើម្បីតាមដានវត្តមាន និងការដាក់ពិន្ទុសិស្សយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីធានាបាននូវគុណ ភាពធនធាន​មនុស្សតាំងពីដំណាក់កាលបណ្ដុះបណ្ដាល។

៤. វិន័យ និងសីលធម៌៖ គ្រឹះនៃទំនុកចិត្តពីប្រជាពលរដ្ឋ

ដើម្បីពង្រឹងកិត្យានុភាពនគរបាលជាតិឱ្យកាន់តែរឹងមាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់​ចេញនូវ​ចក្ខុវិស័យកែទម្រង់វិន័យ និងសីលធម៌យ៉ាងម៉ឺងម៉ាត់បំផុត ដែលរួមមានចំណុចគន្លឹះដូចជា៖

-ការពង្រឹងវិន័យតាំងពីក្នុងសាលា៖ ឯកឧត្តមអភិសន្ដិបណ្ឌិត​បានណែនាំ​ឱ្យបណ្ឌិត្យ​សភានគរ​បាល​កម្ពុជា រឹតបន្តឹងការគ្រប់គ្រងសិស្សនគរបាលលើគ្រប់ទិដ្ឋភាព រួមមានការត្រួតពិនិត្យវត្តមាន ការសិក្សា និង​ការដាក់ពិន្ទុឱ្យបានត្រឹមត្រូវបំផុត។ មន្ត្រីដែលចេញពីសាលា ត្រូវតែជាធនធានដែលមានគុណភាព ទាំងសមត្ថភាពបច្ចេកទេស និងសីលធម៌វិជ្ជាជីវៈ។

-ការកសាងទំនុកចិត្ត និងភាពកក់ក្តៅ៖ ចក្ខុវិស័យចម្បងរបស់ក្រសួងមហាផ្ទៃ គឺចង់ឱ្យប្រជាពលរដ្ឋ​មានភាព​កក់ក្តៅ និងផ្តល់ទំនុកចិត្តខ្ពស់មកលើកងកម្លាំងនគរបាលជាតិ។ ឯកឧត្តមសង្កត់ធ្ងន់ថា នគរបាល​គឺជា «អ្នកបម្រើពលរដ្ឋ» ដូច្នេះការអនុវត្តច្បាប់ត្រូវធ្វើឡើងដោយស្មើភាព ម៉ឺងម៉ាត់ ប៉ុន្តែ​ពោរពេញ​ដោយសីលធម៌ និងការទទួលខុសត្រូវ។

-យន្តការ​តាមដាន និងលុបបំបាត់ភាពមិនប្រក្រតី៖ ក្រសួងកំពុងខិតខំកែសម្រួលប្រព័ន្ធការងារ ដើម្បីកាត់​បន្ថយ​បាតុភាពអសកម្មនានា។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រង និង​ទទួលមតិរិះគន់ពីសាធារណជន ក្រសួងនឹងអាចញែកឱ្យដាច់នូវមន្ត្រីដែលធ្វើខុសវិន័យ និង​មន្ត្រីដែល​មានឆន្ទៈពិតប្រាកដ ដើម្បីលើកទឹកចិត្ត និងកសាងអង្គភាពឱ្យស្អាតស្អំ។

ឯកឧត្តមជឿជាក់ថា កាលណាមន្ត្រីមានវិន័យ និងសីលធម៌ខ្ពស់ នោះវានឹងក្លាយ​ជាកម្លាំង​ចលករ​យ៉ាងសំខាន់ក្នុងការកសាងភាពជឿជាក់ពីប្រជាពលរដ្ឋ និងធ្វើឱ្យសង្គមមានសុខសុវត្ថិភាព​យ៉ាងពិត​ប្រាកដ។

៥. សារលើកទឹកចិត្តយុវជន និងយុត្តិធម៌នៃការប្រឡង

ជាកិច្ចបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ញើសារយ៉ាងមុតស្រួច និងផ្តល់ក្តីសង្ឃឹម​យ៉ាងកក់ក្តៅដល់​យុវជន​កម្ពុជាគ្រប់រូប ដែលមានឆន្ទៈចង់ចូលបម្រើជាតិក្នុងជួរនគរបាលជាតិ៖

-មោទនភាពចំពោះយុវជន៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានបង្ហាញនូវសេចក្តីសប្បាយរីករាយ និងមោទនភាពយ៉ាងខ្លាំង ដែលបានឃើញយុវជនកាន់តែច្រើនឡើង មានស្មារតីស្នេហាជាតិ និងចង់​ប្រើប្រាស់សមត្ថភាពរបស់ខ្លួន ដើម្បីការពារសុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម។

-ការលុបបំបាត់វប្បធម៌អន្តរាគមន៍៖ ឯកឧត្តមបានធានាយ៉ាងម៉ឺងម៉ាត់ថា នៅក្នុងអាណត្តិទី៧នេះ ក្រោម​ការដឹកនាំ​របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងមហាផ្ទៃ​បាន​ប្តេជ្ញាចិត្ត​យ៉ាងដាច់ខាត​ក្នុងការ​លុបបំបាត់ «វប្បធម៌អន្តរាគមន៍»«ខ្សែស្រឡាយ»។ ការប្រឡងនឹងត្រូវធ្វើឡើង​ដោយផ្អែក​លើ​គោល​ការណ៍​ច្បាប់ យុត្តិធម៌ និងតម្លាភាពបំផុត។

-ពាក្យស្លោក «ចេះគឺជាប់»៖ ឯកឧត្តមបាន​បញ្ជាក់យ៉ាងច្បាស់ថា៖ «ចេះគឺជាប់»។ បេក្ខជនមិនចាំបាច់​ស្គាល់​អ្នកធំ ឬមានអ្នកជួយជ្រោមជ្រែងឡើយឱ្យតែមានចំណេះដឹងពិតប្រាកដ និងមានការត្រៀម​លក្ខណៈ​សម្បត្តិ​បានល្អ នោះប្អូនៗនឹងទទួលបានជោគជ័យដោយកិត្តិយស និងមោទនភាពបំផុត។

-ការផ្តល់ឱកាសស្មើគ្នា៖ យន្តការប្រឡងនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់​យុត្តិធម៌ដល់​កូនចៅ​ប្រជាពលរដ្ឋ​​​គ្រប់ស្រទាប់វណ្ណៈ ជាពិសេសអ្នកដែលមកពីខេត្តឆ្ងាយៗ និងអ្នកដែលមានជីវភាពខ្វះខាត ប៉ុន្តែមានការខិតខំរៀនសូត្រ និងមានសមត្ថភាពពិត។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា៖ «សមត្ថភាព គឺជា​សំបុត្រ​ដើម​ឆ្លងកាត់​ដ៏​មាន​តម្លៃ​បំផុត»។ ដូច្នេះ សូមប្អូនៗយុវជនទាំងអស់ ជឿជាក់លើខ្លួនឯង ខិតខំសម្រួចសមត្ថភាព​ឱ្យបាន​ខ្លាំង​ពូកែ ព្រោះក្រសួងមហាផ្ទៃកំពុងរង់ចាំទទួលអ្នកដែលមានសមត្ថភាពពិត ដើម្បីមកចូលរួម​ចំណែក​កសាង និងអភិវឌ្ឍនគរបាលជាតិឱ្យកាន់តែរឹងមាំ និងទំនើបកម្ម៕

Share.