កាសែតអង់គ្លេស ដេលីម៉េល បានដកស្រង់ការផ្សាយរបស់សារព័ត៌មាន Mirror របស់អាមេរិក ដែលបានចេញផ្សាយអំពើមនុស្សឃាតទាំងកណ្ដាលថ្ងៃ ដោយបុរសជាភ្ញៀវទេសចរអាមេរិកម្នាក់វ័យ៥៤ឆ្នាំ បានស្លា.ប់នៅក្នុងអំពើឃាតកម្មស្នេហាត្រីកោណ បន្ទាប់ពីតាមអង្វរមិត្តស្រីជនជាតិថៃវ័យ ២៤ ឆ្នាំ ឱ្យត្រឡប់មករកខ្លួនវិញ។

លោក Stein Cole អាយុ ៥៤ ឆ្នាំ ត្រូវបានគេឃើញកំពុងតាមអង្វរមិត្តស្រីដែលមានវ័យក្មេងជាងខ្លួនខ្លាំង គឺនាង Nan Phawt Ar Cho អាយុ ២៤ ឆ្នាំ ដើម្បីសុំត្រូវគ្នាវិញ ខណៈពេលដែលលោក Cole កំពុងនិយាយជាមួយនាង Cho ស្រាប់តែដៃគូបច្ចុប្បន្នរបស់នាង គឺលោក Saw Nay Lin Oo អាយុ ២៦ ឆ្នាំ និងបុរស ៣ នាក់ផ្សេងទៀត បានចូលមកវាយប្រហាររូបលោកនៅខាងក្រៅហាងមួយក្នុងទីក្រុងបាងកក នៅវេលាម៉ោងប្រហែល ៤:៣០ នាទីរសៀល។
នៅក្នុងការវាយឆ្មក់ដ៏សាហាវនោះ ក្រុមជនសង្ស័យត្រូវបានគេចោទប្រកាន់ថា បានព្រួតគ្នាវាយដំលោក Cole ដែលមានស្រុកកំណើតនៅទីក្រុង Corcoran រដ្ឋកាលីហ្វ័រញ៉ា រហូតដល់ស្លាប់ ដោយប្រើបំពង់ទីបដែក និងកាំបិត។

នៅពេលប៉ូលីសទៅដល់កន្លែងកើតហេតុ ពួកគេបានចាប់ខ្លួនលោក Oo បញ្ចូលក្នុងឡានប៉ូលីស និងបានឃើញលោក Stein ដេកស្លាប់ក្នុងថ្លុកឈាម ដោយមានស្នាមចាក់ចំនួន ៥ កន្លែង និងបាក់ជើងទាំងសងខាង។ មន្ត្រីប៉ូលីសក៏បានរកឃើញកាំបិតប្រវែងជាង២៥សង់ទីម៉ែត្រ និងបំពង់ទីបដែកប្រវែងជិត ១ម៉ែត្រ នៅកន្លែងកើតហេតុផងដែរ។
ជនសង្ស័យ ៣ នាក់ផ្សេងទៀត រួមមាន Saw Kyaw Win Tun, Saw Kyaw Htunt Paing និង Thein Oo ដែលត្រូវជាបងប្រុសរបស់អតីតមិត្តស្រី ត្រូវបានចោទប្រកាន់ពីបទរួមគ្នាបង្កហិង្សាលើអ្នកដទៃរហូតដល់ស្លាប់។ ក្នុងនោះ មានជនសង្ស័យម្នាក់បានរងរបួសដោយសារការចាក់កំឡុងពេលប្រតាយប្រតប់គ្នា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។ ប៉ូលីសបានអះអាងថា លោក Cole បានបង្ហាញខ្លួននៅហាងនោះដោយមានកាន់កាំបិតផ្ទះបាយ ដែលជាហេតុបង្កឱ្យមានការប្រឈមមុខដាក់គ្នាដ៏ហិង្សានេះឡើង។


យោងតាមសម្ដីប៉ូលីសថៃ បានឱ្យដឹងថា លោក Cole «មិនអាចទទួលយកបាន ចំពោះការបែកបាក់ជាមួយនាង Cho ដោយបានតាមដានអតីតមិត្តស្រីរបស់ខ្លួនជាបន្តបន្ទាប់។ នៅថ្ងៃកើតហេតុ គេនិយាយថាគាត់បានដកកាំបិតចេញមក បង្កឱ្យក្រុមជនសង្ស័យចូលទៅអន្តរាគមន៍ និងវាយប្រហារគាត់។ ក្រុមជនសង្ស័យបានអះអាងថា ពួកគេមិនមានបំណងសម្លាប់នោះទេ ប៉ុន្តែស្ថានភាពបានក្លាយជាច្របូកច្របល់ ហើយពួកគេបាត់បង់ការគ្រប់គ្រង»។
ប៉ូលីសបន្តទៀតថា លោក Cole ក៏ត្រូវបានគេរាយការណ៍ថា បានបង្ហាញខ្លួនក្នុងស្ថានភាពស្រវឹងនៅតំបន់ដដែលនោះកាលពីយប់មិញ និងបានគំរាមកំហែងបុគ្គលិកដោយប្រើកាំបិត។


អ្នកជិតខាងបាននិយាយថា លោក Cole បានរស់នៅម្នាក់ឯងក្នុងអាផាតមិននៅត្រើយម្ខាងផ្លូវអស់រយៈពេលជាច្រើនខែ។ ចំណែកនាង Cho ធ្លាប់រស់នៅក្នុងអគារជាមួយគ្នាដែរ ប៉ុន្តែក្រោយមកបានផ្លាស់ចេញ បន្ទាប់ពីលោក Cole ចាប់ផ្តើមតាមរំខាននាងក្រោយការបែកបាក់។ អ្នកជិតខាងក៏បានរាយការណ៍ថា ធ្លាប់ឮសំឡេងឈ្លោះប្រកែកគ្នាខ្លាំងៗរវាងអ្នកទាំងពីរផងដែរ។
អធិការប៉ូលីសបានបញ្ជាក់ថា គ្រួសាររបស់នាង Cho «មិនយល់ព្រមចំពោះទំនាក់ទំនងរបស់នាងជាមួយបុរសជនជាតិអាមេរិករូបនេះទេ ហើយបានព្យាយាមបំបែកពួកគេ»។
វាមិនច្បាស់ទេថាតើលោក Cole បានផ្លាស់ទៅរស់នៅប្រទេសថៃតាំងពីពេលណា ប៉ុន្តែយោងតាមកំណត់ត្រាសាធារណៈ លោកបានបន្សល់ទុកកូនប្រុស ២ នាក់ បងប្អូន ៣ នាក់ និងម្តាយម្នាក់៕

