សកម្មភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅរដ្ឋធានីវ៉ាស៊ីនតោន គឺជាសក្ខីភាពមិនអាចប្រកែកបានដែលបង្ហាញឱ្យសកលលោកឃើញថា ថ្នាក់ដឹកនាំកម្ពុជា មានភាពចាស់ទុំខាងនយោបាយក្នុងការរក្សាតុល្យភាពអំណាច ដើម្បីឧត្តមប្រយោជន៍ជាតិ។

តាមដានឱ្យស្អិត និងពិនិត្យឱ្យល្អិតល្អន់ យើងមិនអាចប្រកែកបានឡើយចំពោះភាពឆ្លាតវៃនៃនយោបាយការបរទេស​របស់កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី។ សកម្មភាពរបស់កម្ពុជា មិនមែនជាការរេរាំតាមខ្យល់បក់នោះទេ ប៉ុន្តែវាគឺជាការដើរលើខ្សែបន្ទាត់យុទ្ធសាស្ត្រដ៏ច្បាស់លាស់មួយ។

តាមរយៈសកម្មភាពដ៏មមាញឹករបស់សម្ដេចធិបតីដែលមានចែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាពេលថ្មីៗនេះអំពី «កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព » មិនមែនគ្រាន់តែជាទស្សនកិច្ចការទូតធម្មតានោះទេ ប៉ុន្តែវាគឺជាការសម្ញែងនូវសាច់ដុំការទូតដ៏វៃឆ្លាត និងជំហរភូមិសាស្ត្រនយោបាយដ៏ច្បាស់លាស់របស់កម្ពុជានៅក្នុងយុគសម័យថ្មី។ យុទ្ធសាស្ត្រគន្លឹះការទូតដែលកម្ពុជាកំពុងអនុវត្តមាន៣សំខាន់ៗ រួមការធ្វើពហុភាគីនិយម ការផ្សព្វផ្សាយជាសាធារណៈ និង ការពង្រឹងទ្វេភាគីនិយម។

គួរដឹងថា ការដែលកម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមួយចិន គឺជាតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែវាមិនមែនមានន័យថា កម្ពុជាបោះបង់ចោលទំនាក់ទំនងជាមួយអាមេរិកនោះឡើយ។ ផ្ទុយទៅវិញ តាមរយៈជំនួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកទាំងផ្នែកពាណិជ្ជកម្ម និងការពារជាតិ សម្ដេចធិបតីបានបញ្ជាក់ថា កម្ពុជាបើកទ្វារចំហជានិច្ចសម្រាប់មិត្តភក្តិគ្រប់ទិសទី ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។

ទោះបីជាមានការចោទប្រកាន់ ឬការមន្ទិលសង្ស័យពីមជ្ឈដ្ឋានខាងក្រៅមួយចំនួនដែលថា កម្ពុជាអាចនឹងងាកទៅរកប៉ូលអំណាចចិនខ្លាំងពេកក៏ដោយ ក៏សកម្មភាពជាក់ស្ដែងរបស់សម្ដេចធិបតីបានផ្ដល់ចម្លើយយ៉ាងច្បាស់។
ការបញ្ជាក់ពីជំហរ ពហុភាគីនិយមនិងការចូលរួមក្នុងយន្តការសន្តិភាពអន្តរជាតិ បង្ហាញថា កម្ពុជាមិនមែនជាឈ្នាន់នយោបាយរបស់ប្រទេសណាមួយឡើយ ប៉ុន្តែកម្ពុជាមានភាពអព្យាក្រិត្យនិងជាម្ចាស់ការលើខ្លួនឯង។

កម្ពុជាជ្រើសរើសយកផលប្រយោជន៍ប្រទេសជាតិជាធំ ហើយការមានទំនាក់ទំនងល្អជាមួយចិន គឺដើម្បីបំពេញបន្ថែមឱ្យសេដ្ឋកិច្ចជាតិ មិនមែនដើម្បីបង្កើតសត្រូវជាមួយប៉ូលអំណាចផ្សេងទៀតនោះទេ។ ការបង្ហាញខ្លួននៅកណ្ដាលរដ្ឋធានីវ៉ាស៊ីនតោន និងការផ្ដល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់អាមេរិក គឺជាយុទ្ធសាស្ត្រការទូតសាធារណៈ ដើម្បីកសាងទំនុកចិត្តឡើងវិញ។

សម្ដេចធិបតីក៏បានបង្ហាញឱ្យឃើញដែរថា អាមេរិកនៅតែជាដៃគូសេដ្ឋកិច្ច និងសន្តិសុខដ៏សំខាន់សម្រាប់កម្ពុជា។ ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការបរទេស និងក្រសួងការពារជាតិអាមេរិក គឺជាសញ្ញាវិជ្ជមានដែលបញ្ជាក់ថា កម្ពុជាចង់បានទំនាក់ទំនងដែលស្មើភាព ស្មោះត្រង់ និងមានផលប្រយោជន៍រួមជាមួយ​សហរដ្ឋអាមេរិក​។

ភាពចាស់ទុំនយោបាយនេះ ក៏ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃផងដែរ ពោលគឺការប្រើប្រាស់វេទិកាអន្តរជាតិដើម្បីបំភ្លឺការពិត និងការប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺជាការបង្ហាញប្រាប់ពិភពលោកថា កម្ពុជាជាប្រទេសតូច ប៉ុន្តែមានចរិតលក្ខណៈជារដ្ឋអធិបតេយ្យប្រកបដោយភាពថ្លៃថ្នូរដែលចេះប្រើប្រាស់ច្បាប់អន្តរជាតិជាអាវុធការទូត ជាជាងការប្រើប្រាស់កម្លាំងបាយ។

យុទ្ធសាស្ត្រការទូតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺជាការរៀបចំតុល្យភាពអំណាចដ៏វៃឆ្លាតបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់កម្ពុជា។ វាជាសារព្រមានដល់អ្នកវិភាគនយោបាយមួយចំនួនដែលតែងតែមើលកម្ពុជាក្នុងរូបភាពសខ្មៅថា៖ កម្ពុជាមិនមែនជាកូនអុករបស់នរណាឡើយ។ កម្ពុជា គឺជាប្រទេសឯករាជ្យ ហើយកម្ពុជាក៏ដឹងដែរថាត្រូវឈរនៅត្រង់ណា ដើម្បីធានាបាននូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងចំណោមមហាយក្សពិភពលោក៕

Share.