ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យជនជាតិប៉ាគីស្ថានម្នាក់ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ពាក់ព័ន្ធករណីឃាតកម្មលើមិត្តស្រីរបស់ខ្លួន។

ករណីនេះ បានកើតឡើងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយការស្រាវជ្រាវ និងប្រមូលភស្តុតាង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមុខស្ថានទូតប៉ាគីស្ថាន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមសមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឈ្មោះ  ហាសាន់តៃម័រ(HASSAN TAIMOOR) អាយុ៣៣ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ កាន់វ៉ាល សាំសា (KANWAL SHAMMSA) អាយុ២៨ឆ្នាំ ទាំងពីរនាក់ជាជនជាតិប៉ាគីស្ថានដូចគ្នា។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា មុនកើតហេតុខ្លួនបានចេញទៅផឹកស៊ីនៅខាងក្រៅ លុះត្រលប់មកផ្ទះវិញក៏មានទំនាស់ពាក្យសម្ដីគ្នាជាមួយជនរងគ្រោះ និងបានប្រើហិង្សាវាដុំរហូតសន្លប់ លុះដឹងខ្លួនវិញ ខ្លួនក៏បានប្រើខ្សែកាបរឹត.ក.ជនរងគ្រោះរហូតដល់ស្លាប់  ហើយបានប្រាប់មិត្តភ័កនិងបានឱ្យឈ្មោះ ម៉ូស៊ីអាក អាចាស (MUSIAQ AJAS) ហៅរថយន្តតាក់ស៊ី មកដឹកសពទៅមន្ទីពេទ្យ ដើម្បីជួយសង្រ្គោះ។ លុះរថយន្តមកឃើញសភាពមិនស្រួល ក៏ចេញទៅវិញបាត់ ឃើញដូចនោះខ្លួនទុកសពចោលក្នុងផ្ទះ ហើយព្យាយាមគេចខ្លួន រហូតត្រូវសមត្ថកិច្ចចាប់ខ្លួនបាន។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

Share.