តាមរយៈសារព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃទី ២៣ ខែកុម្ភៈ ២០២៦ បានឱ្យដឹងថា ស្ថាប័នគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស (Ofcom) ទើបតែបានសម្រេចចិត្តផាកពិន័យក្រុមហ៊ុនអាសអាភាសមួយឈ្មោះ 8579 LLC ក្នុងទឹកប្រាក់សរុបប្រមាណ ១,៨ លានដុល្លារ។ មូលហេតុចម្បងគឺដោយសារក្រុមហ៊ុននេះមិនបានដាក់បញ្ចេញប្រព័ន្ធត្រួតពិនិត្យអាយុឱ្យបានតឹងរ៉ឹង ដើម្បីរារាំងក្មេងៗមិនឱ្យចូលមើលមាតិកាមនុស្សពេញវ័យ។

ស្ថាប័នគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសមួយនេះបានរកឃើញថា ក្រុមហ៊ុនភាពយន្តអាសអាភាសខាងលើមិនមានវិធានការមានប្រសិទ្ធភាព ដើម្បីផ្ទៀងផ្ទាត់ថាអ្នកចូលមើលមានអាយុលើសពី ១៨ ឆ្នាំពិតប្រាកដមែនឬអត់ទេ។ ក្រៅពីកំហុសបញ្ចេកទេសរឿងអាយុហើនោះ ក្រុមហ៊ុនមួយនេះក៏ត្រូវបានរងពិន័យបន្ថែម ៥០.០០០ ផោនទៀត ដោយសារតែរឹងរូសមិនព្រមផ្តល់ព័ត៌មានតាមការទាមទាររបស់អាជ្ញាធរអង់គ្លេស ។
ច្បាប់ថ្មី OSA បានបញ្ជាក់ពីការអនុវត្តច្បាប់សុវត្ថិភាពអនឡាញថ្មីរបស់អង់គ្លេស ដែលតម្រូវឱ្យរាល់គេហទំព័រដែលមានមាតិកាគ្រោះថ្នាក់ ឬអាសអាភាស ត្រូវតែការពារកុមារជាដាច់ខាត។ ចំពោះបញ្ហាប្រឈម បើក្រុមហ៊ុននៅតែមិនព្រមដាក់ប្រព័ន្ធត្រួតពិនិត្យអាយុលើគេហទំព័រដែលនៅសល់ នោះពួកគេនឹងត្រូវបន្តបង់ប្រាក់ពិន័យ ១.០០០ ផោន បន្ថែមជារៀងរាល់ថ្ងៃ។
យ៉ាងណាមិញ ស្ថាប័នគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបញ្ជាក់ថា មិនមែនមានតែក្រុមហ៊ុនខាងលើនេះទេដែលមានបញ្ហាមិនត្រួតពិនិត្យអាយុអ្នកចូលទស្សនា កាលពីខែធ្នូ ឆ្នាំ ២០២៥ កន្លងទៅ ក្រុមហ៊ុន AVS Group ក៏ត្រូវបានរងពិន័យ ១ លានផោនដូចគ្នា។ ចំណែកឯគេហទំព័រល្បីឈ្មោះ Pornhub នៅដើមខែកុម្ភៈបានសម្រេចចិត្តបិទការចូលមើលនៅក្នុងចក្រភពអង់គ្លេសតែម្តង ដោយសារពួកគេយល់ថាច្បាប់ថ្មីនេះតឹងរ៉ឹងពេក និងពិបាកអនុវត្តតាម។
តាមការបញ្ជាក់ អាជ្ញាធរអង់គ្លេសកំពុងធ្វើសង្គ្រាមយ៉ាងក្តៅគគុកជាមួយគេហទំព័រអាសអាភាស ដើម្បីធានាថា ក្មេងៗមិនអាចចូលមើលរឿងមនុស្សពេញវ័យបានដោយសេរីដូចមុនទៀតឡើយ៕

