កំពង់ចាម៖ បានប្រារព្ធទិវាជាតិ បង្ការ និងពន្លត់អគ្គិភ័យ ២២ កុម្ភៈ លើកទី៧ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។

ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម បានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំងអស់ ត្រូវរៀបចំកម្លាំងពន្លត់អគ្គីភ័យឲ្យមានប្រសិទ្ធភាព ដោយបែងចែកជាពីរក្រុមនៅពេលចុះអន្តរាគមន៍។

ក្រុមទី១ មានភារកិច្ចបាញ់ទឹកពន្លត់ភ្លើង និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ខណៈក្រុមទី២ ត្រូវទទួលបន្ទុកប្រមូល និងរក្សាទុកទ្រព្យសម្បត្តិ ឬវត្ថុមានតម្លៃរបស់ប្រជាពលរដ្ឋ ដើម្បីការពារសុវត្ថិភាព និងប្រគល់ជូនម្ចាស់វិញ បន្ទាប់ពីស្ថានការណ៍ត្រូវបានគ្រប់គ្រង។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវឲ្យកម្លាំងពន្លត់អគ្គីភ័យ បំពេញភារកិច្ចដោយភាពស្មោះត្រង់ ទទួលខុសត្រូវ និងធ្វើជាគំរូល្អ សម្រាប់ប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះអាសន្ន ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិឲ្យបានអតិបរមា។

តាមរបាយការណ៍ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ត្រឹមរយៈ២២ថ្ងៃនៃខែកុម្ភៈ ឆ្នាំ២០២៦នេះ គ្រោះអគ្គិភ័យបានបំផ្លាញឆេះផ្ទះសំបែងប្រជាពលរដ្ឋ៧២ខ្នង តូប១ខ្នង ឃ្លាំង១០ខ្នង កុដិ៨ខ្នង បន្ទប់១ខ្នង និងអគារស្នាក់នៅ១ខ្នង។

ជាមួយគ្នានេះ គ្រោះអគ្គិភ័យនេះ ក៏បណ្ដាលឱ្យឆេះអាហារដ្ឋាន១ខ្នង ព្រៃ៦កន្លែង រោង១ខ្នង រោងចិញ្ចឹមសត្វ១កន្លែង រោងចម្ការ១កន្លែង ប្រអប់ភ្លើង១កន្លែង ដេប៉ូលក់ឈើ១កន្លែង គំនរកង់ឡាន១កន្លែង គំនរអេតចាយ១កន្លែង គំនរសុយោទឹក១កន្លែង ឡសម្ងួតធ្យូង១កន្លែង រថយន្ត១គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។

របាយការណ៍ដ៏ដែលបានឱ្យដឹងទៀតថា ករណីអគ្គិភ័យទាំងនោះ កើតឡើងនៅក្នុងមូលដ្ឋានជាអាទិ៍ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត តាកែវ ស្វាយរៀង កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ក្រចេះ ស្ទឹងត្រែង ព្រៃវែង ត្បូងឃ្មុំ ព្រះវិហារ ព្រះសីហនុ កោះកុង សៀមរាប និងខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ អាចារ្យលាក់

Share.