ការបង្ហាញមុខជនសង្ស័យ ឬជនបង្កជាសាធារណៈពីសំណាក់សមត្ថកិច្ចអនុវត្តន៍ច្បាប់ នៅតែកើតមាន ជាពិសេសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អង្គភាពអនុវត្ត ច្បាប់(នគរបាល) រួចហើយត្រូវបានបន្តផ្សព្វផ្សាយនៅតាមបណ្តាញផ្សព្វផ្សាយអនឡាញនានាយ៉ាងព្រោងព្រាត ដោយមិនបានគិតពីផលប៉ះពាល់ដល់សិទ្ធបុគ្គលនោះ ឡើយ។
ការណ៍នេះ ធ្វើឲ្យមានការចោទសួរក្នុងចំណោមមហាជនថា តើការបង្ហោះរូបរបស់ជនសង្ស័យដោយមិនបានបិទមុខឬលាក់អត្តសញ្ញាណនៅក្រោយពេលបង្ក្រាបឬឃាត់ខ្លួនបានយ៉ាងដូច្នេះ ដោយសារតែសមត្ថកិច្ចចង់បង្ហាញមុខជនបង្កក្នុងន័យធ្វើឲ្យអ្នកផ្សេងលែងហ៊ានប្រព្រឹត្ត ឬមួយក៏ការយល់ដឹង ទៅលើផ្លូវច្បាប់ពិសេសពាក់ព័ន្ធនឹងគោលការណ៍សិទ្ធិមនុស្សរបស់សមត្ថកិច្ចនៅមានកម្រិត?
នៅទីនេះ ស្មេរសូមទាញចំណាអារម្មណ៍ថា តាមគោលការណ៍ច្បាប់បើទោះបីជនណាក៏ដោយដែលត្រូវបានមន្ត្រីនគរបាលយុត្ដិធម៌ ចាប់ខ្លួន ឬឃាត់ខ្លួន មានសិទ្ធិមួយចំនួនដើម្បីការពារខ្លួន ដែលសិទ្ធិទាំងនោះជាសិទ្ធិសំខាន់ និងមិនត្រូវបានបំពាន ឬដកហូតបាននោះឡើយ ។
បើតាមក្រុមអ្នកជំនាញផ្នែកច្បាប់ ចំពោះការចុះផ្សាយតាមកាសែតនូវឈ្មោះ អាយុ និងបង្ហាញមុខរបស់ជនណាម្នាក់ក្នុងអំឡុងពេលសមត្ថកិច្ចចាប់ខ្លួនជាការមិនត្រឹមត្រូវនោះទេចំពោះការធ្វើបែបនេះគឺខុសទៅនឹងច្បាប់ និងគោលការណ៍សិទ្ធិមនុស្ស ហើយវាអាចប៉ះពាល់ទៅលើផ្លូវចិត្ត ប៉ះពាល់សេចក្តីថ្លៃថ្នូរ ក្រមសីលធម៌ ជាពិសេសបើមានការពាក់ព័ន្ធនឹងអនីតិជនដែលជាកុមារ ឬស្ត្រីជាដើមគឺកាន់តែមានការប៉ះពាល់សិទ្ធិរបស់គាត់ធ្ងន់ធ្ងរថែមទៀត។
ក្នុងន័យនេះ ជាសារផ្ញើជូនតួអង្គប្រតិបត្តិច្បាប់ទាំងអស់ សូមគិតពិចារណាឡើងវិញ មុននឹងបង្ហាញមុខរបស់ជនសង្ស័យឬជនបង្កដែលត្រូវបានឃាត់ខ្លួន។ សមត្ថកិច្ចមិនគួរបញ្ចេញរូបភាពជនសង្ស័យដោយមិនបានបិទបាំងមុខនោះឡើយ ។ចំណែកឯបណ្តាញផ្សព្វផ្សាយនានាពិសេសសារព័ត៌មានអនឡាញក៏មិនគួរយករូបភាពរបស់ជនសង្ស័យឬជនបង្កមកផ្សព្វផ្សាយដោយមិនមានបិទបាំងនោះដែរ។សូម កុំព្រោះតែចង់បានcomments, likes និងshare ផ្សព្វផ្សយរូបភាពនិងខ្លឹមសារប៉ះពាល់ដល់សិទ្ធអ្នកដទៃ៕
អត្ថបទ៖ត្រយង
