យោងតាមហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានទំនាក់ទំនងសាធារណៈនៃអគ្គនាយកដ្ឋានពន្ធនាគារ (Department of Corrections) បានបង្ហោះប្រកាសស្តីពី «ការនៅក្រៅឃុំបណ្តោះអាសន្ន (Parole) របស់អតីតនាយករដ្ឋមន្ត្រី» ដោយបញ្ជាក់ថា៖ «យោងតាមលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារកណ្តាលខ្លងប្រេម (Khlong Prem Central Prison) តាមអំណាចសាលដីការបស់តុលាការកំពូលផ្នែកព្រហ្មទណ្ឌសម្រាប់អ្នកកាន់តំណែងនយោបាយ ដែលមានកំណត់ទោស ១ ឆ្នាំ គិតចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នឹងត្រូវផុតកំណត់ទោសនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។»

អគ្គនាយកដ្ឋានពន្ធនាគារសូមជម្រាបថា ចំពោះការនៅក្រៅឃុំបណ្តោះអាសន្ន ប្រសិនបើទណ្ឌិតរូបណាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមច្បាប់ពន្ធនាគារឆ្នាំ ២០១៧ មាត្រា ៥២ (៧) និងបទបញ្ជាក្រសួងឆ្នាំ ២០១៩ និងវិសោធនកម្មឆ្នាំ ២០២១ ពោលគឺ៖ លោក ថាក់ស៊ីន នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ លុះត្រាតែបានទទួលទោសជាប់ពន្ធនាគារអស់រយៈពេល ២ ភាគ ៣ នៃកំណត់ទោសសរុប ហើយនឹងទទួលបានអត្ថប្រយោជន៍ពីការនៅក្រៅឃុំមិនលើសពី ១ ភាគ ៣ នៃទោសសរុប ១ ឆ្នាំ ព្រមទាំងត្រូវឆ្លងកាត់ការពិនិត្យយល់ព្រមពីអនុគណៈកម្មការពិចារណាលើការនៅក្រៅឃុំបណ្តោះអាសន្ន។ លោកនឹងចូលលក្ខខណ្ឌនៅក្រៅឃុំបណ្តោះអាសន្ននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ហើយអាចត្រូវបានដោះលែងនៅថ្ងៃបន្ទាប់ គឺថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

ក្នុងការគណនារយៈពេលចូលលក្ខខណ្ឌនេះ អគ្គនាយកដ្ឋានពន្ធនាគារបានអនុវត្តតាមក្រមព្រហ្មទណ្ឌ មាត្រា ២១ ដែលចែងថា៖ ក្នុងការគណនារយៈពេលជាប់ពន្ធនាគារ ត្រូវរាប់ថ្ងៃចាប់ផ្តើមជាប់ពន្ធនាគារបញ្ចូលក្នុងកាលកំណត់ និងរាប់ជា ១ ថ្ងៃពេញ ដោយមិនគិតពីចំនួនម៉ោង។ ប្រសិនបើកំណត់ជាខែ ត្រូវរាប់ ៣០ ថ្ងៃជា ១ ខែ ប្រសិនបើកំណត់ជាឆ្នាំ ត្រូវគណនាតាមប្រតិទិនរាជការ។

ដូច្នេះ ក្នុងការគណនាទោសរបស់លោក ថាក់ស៊ីន ២ ភាគ ៣ នៃទោស ១ ឆ្នាំ គឺស្មើនឹង ៨ ខែ ៤ ថ្ងៃ ឬ ២៤៤ ថ្ងៃ ដែលត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ហើយអាចដោះលែងបាននៅថ្ងៃបន្ទាប់គឺ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ ចំពោះការបំពាក់ឧបករណ៍អេឡិចត្រូនិចតាមដាន (EM) លើលោក ថាក់ស៊ីន ឬយ៉ាងណានោះ គឺអាស្រ័យលើការសម្រេចរបស់អនុគណៈកម្មការពិចារណា៕

Share.