ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍ច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់រដ្ឋមន្ត្រីការបរទេសថៃ ដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។
យោងតាមសេចក្តីថ្លែងការណ៍ ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទព្រះវិហារគឺជាបូជនីយដ្ឋានវប្បធម៌ និងសាសនាដ៏សក្ការៈ ដែលមានតម្លៃលេចធ្លោជាសកល។ ក្រសួងបានសង្កត់ធ្ងន់ថា៖
- ប្រាសាទនេះមិនដែលត្រូវបានកំណត់ បង្កើត ឬប្រើប្រាស់ជាមូលដ្ឋានយោធានោះឡើយ។
- កម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាក្រុងឡាអេឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ១៩៧២ ប្តេជ្ញាយ៉ាងមុតមាំក្នុងការការពារទ្រព្យសម្បត្តិវប្បធម៌សម្រាប់គោលបំណងសន្តិភាព សាសនា និងវប្បធម៌តែប៉ុណ្ណោះ។

មូលដ្ឋានច្បាប់អន្តរជាតិ និងការឈ្លានពានរបស់ភាគីថៃ
ក្រសួងបានរំលឹកអំពីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដែលបានបញ្ជាក់ថាប្រាសាទព្រះវិហារ និងតំបន់ជុំវិញស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា ដែលជាសេចក្តីសម្រេចចុងក្រោយ និងមានលក្ខណៈចាប់បង្ខំ។ ផ្ទុយទៅវិញ ក្រសួងបានបង្ហាញកង្វល់លើសកម្មភាពរបស់ភាគីថៃរួមមាន៖
- ក្នុងឆ្នាំ២០០៨៖ កងទ័ពថៃបានចូលមកតំបន់ជុំវិញប្រាសាទ រួមទាំងវត្តកែវសិក្ខាគិរីស្វារៈ ដែលបង្កឱ្យមានភាពតានតឹងផ្នែកយោធា និងការខូចខាតដល់ផ្នែកខ្លះនៃប្រាសាទ។
- ក្នុងឆ្នាំ២០២៥៖ ប្រតិបត្តិការយោធារបស់ថៃតាមបណ្តោយព្រំដែន បានបណ្តាលឱ្យមានការប៉ះទង្គិចគ្នាដោយអាវុធ និងបង្កការខូចខាតដល់បូជនីយដ្ឋាន និងតំបន់ជុំវិញយ៉ាងធ្ងន់ធ្ងរ។

ការប្តេជ្ញាចិត្តការពារបេតិកភណ្ឌពិភពលោក
បច្ចុប្បន្ន កម្ពុជាកំពុងចងក្រង និងប្រមូលភស្តុតាងទាំងអស់ពាក់ព័ន្ធនឹងការវាយប្រហារលើប្រាសាទ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងស្តារឡើងវិញ និងធានាឱ្យមានការទទួលខុសត្រូវក្រោមក្របខ័ណ្ឌច្បាប់អន្តរជាតិ។ ក្រសួងបានបញ្ជាក់ថា ការមានវត្តមានរបស់អាជ្ញាធរកម្ពុជានៅទីនោះ គឺក្នុងគោលបំណងការពារបេតិកភណ្ឌវប្បធម៌ និងស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរស៊ីវិលតែប៉ុណ្ណោះ។
ជាទីបញ្ចប់ ក្រសួងវប្បធម៌កម្ពុជាបានអះអាងសារជាថ្មីថា ប្រាសាទព្រះវិហារនៅតែជាបូជនីយដ្ឋាននៃសន្តិភាព វប្បធម៌ និងជាបេតិកភណ្ឌរួមរបស់មនុស្សជាតិ ដែលសហគមន៍អន្តរជាតិទាំងមូលត្រូវយកចិត្តទុកដាក់ការពារ ដោយឆ្លងផុតពីវិវាទនយោបាយទាំងពួង៕


