ក្នុងឱកាសប្រារព្ធទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតអំពាវនាវដល់ជនរួមជាតិគ្រប់រូប ឱ្យបន្តរួមកម្លាំងគ្នាកសាងទីក្រុងឱ្យកាន់តែស្អាត មានបដិសណ្ឋារកិច្ចល្អ និងមានភាពទាក់ទាញ ដើម្បីជំរុញវិស័យទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចធិបតី បានគូសបញ្ជាក់ថា ទិវាជាតិឆ្នាំនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់មោទនភាពជាតិ និងការចូលរួមរបស់សាធារណជនគ្រប់មជ្ឈដ្ឋាន។ សម្តេចបានសង្កត់ធ្ងន់ថា ទីក្រុងស្អាតមិនមែនត្រឹមតែមានសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញបំផុត ដែលផ្តល់នូវបទពិសោធន៍ល្អៗដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

វិធានការគន្លឹះចំនួន ៦ ចំណុច ដើម្បីលើកកម្ពស់ទីក្រុងស្អាត

ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ សម្តេចនាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍សំខាន់ៗដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន៖

  1. រក្សាសន្តិភាព និងស្ថិរភាព៖ ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងទីក្រុងស្អាត។
  2. ពង្រឹងភាពជាដៃគូ រដ្ឋ-ឯកជន៖ ជំរុញការវិនិយោគលើវិស័យទេសចរណ៍ និងការផ្តល់សេវាកម្មប្រកបដោយគុណភាព និងបដិសណ្ឋារកិច្ចល្អ។
  3. លើកកម្ពស់អត្តសញ្ញាណក្នុងតំបន់៖ ជំរុញការបង្កើតខ្សែច្រវាក់តម្លៃទេសចរណ៍ «ម្ហូបអាហារ និងផលិតផលក្នុងស្រុក» ដើម្បីបង្កើនភាពទាក់ទាញតាមទីក្រុងនីមួយៗ។
  4. ពង្រឹងការគ្រប់គ្រង និងអនាម័យ៖ បន្តខិតខំថែរក្សាបរិស្ថាន អនាម័យ និងសោភ័ណភាពទីក្រុងឱ្យស្របតាមស្ដង់ដារ «ទីក្រុងស្អាត ទីក្រុងមានសុវត្ថិភាពល្អ»។
  5. យុទ្ធនាការប្រឡងប្រណាំង៖ បន្តសហការគ្នាអនុវត្តចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។
  6. កិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ពង្រឹងភាពជាដៃគូក្នុងតំបន់ និងអន្តរជាតិ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗ។

ក្នុងសារលិខិតដដែល សម្តេចធិបតី ក៏បានសម្តែងនូវការអបអរសាទរចំពោះទីក្រុងចំនួន ៥ របស់កម្ពុជា រួមមាន ក្រុងព្រះសីហនុ, ក្រុងបាត់ដំបង, ក្រុងសៀមរាប, ក្រុងកំពង់ចាម និងក្រុងស្ទឹងសែន ដែលបានទទួលជ័យលាភីក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤ (២០២៤-២០២៦)។

ជាទីបញ្ចប់ សម្តេចបានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ឱ្យបន្តគាំទ្រយុទ្ធនាការ «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» និង «ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដី» ដើម្បីជំរុញចរន្តទេសចរណ៍ក្នុងស្រុក និងការស្វែងយល់ពីសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា ក្រោមស្មារតី «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»

អត្ថបទ៖ត្រយង

Share.