រាល់ពេលដែលឃើញសម្លៀកបំពាក់ប្រពៃណីខ្មែរ ត្រូវបានប្រើប្រាស់យ៉ាងច្រើនកុះករនៅតាមពិធីបុណ្យជាតិ មង្គលការ និងសូម្បីតែការថតរូបអនុស្សាវរីយ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននោះ វាបានក្លាយជាសញ្ញាណដ៏ល្អប្រសើរ បង្ហាញពីការស្រឡាញ់ និងថែរក្សាព្រលឹងខ្មែរដែលមិនដែលសាបសូន្យ។ ប៉ុន្តែកន្លងមកការច្នៃម៉ូដសម្លៀកបំពាក់ប្រពៃណី នៅតែមានភាពចន្លោះប្រហោងពីឫសគល់វប្បធម៌ជាតិ អាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃបេតិកភណ្ឌជាតិ។

យ៉ាងណាមិញ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្ដីណែនាំ ពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរ បានរំលេចឱ្យឃើញថា ក្រោមរលកនៃការនិយមចង់បង្ហាញអត្តសញ្ញាណតាមរយៈសម្លៀកបំពាក់ ក៏មានអ្នកច្នៃម៉ូតមួយចំនួន កំពុងធ្វើសកម្មភាពប្រកបដោយចេតនាល្អ តែកំពុងប្រថុយនឹងការបំផ្លាញដួងព្រលឹង និងអត្តសញ្ញាណនៃបេតិកភណ្ឌដូនតា ដោយអចេតនាដូចគ្នាផងដែរ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈការក្រើនរំលឹកថា ការនេះពុំមែនជាការរឹតត្បិតសិទ្ធិសេរីភាពច្នៃប្រឌិតនោះទេ ប៉ុន្តែជាការបញ្ចាំងពន្លឺដ៏សុក្រិតដល់អ្នកដែលកំពុងដើរលើផ្លូវដែលអាចនាំទៅរកគ្រោះថ្នាក់ដល់វប្បធម៌។

តើការច្នៃប្រឌិតដែលពុំស្វែងយល់ពីឫសគល់នៃ «អាវផាយ»ដែលជាព្រះភូសាសម្រាប់បុរសក្នុងពិធីផ្លូវការ ឬ «ស្បៃ» ដែលជានិមិត្តរូបនៃតម្លៃស្ត្រីភាពខ្មែរ និងពាក់ព័ន្ធនឹងរឿងព្រេងដើមកំណើតជាតិ «ព្រះថោងតោងស្បៃ» នឹងនាំមកនូវលទ្ធផលដូចម្តេចខ្លះ? ចម្លើយគឺថា ការកែច្នៃដោយឥតការយល់ដឹង អាចបង្ខូចទ្រង់ទ្រាយអត្ថន័យ និងតម្លៃដើម ហើយថែមទាំងអាចធ្វើឱ្យគ្រឿងឥស្សរិយយស ឬសម្លៀកបំពាក់ដែលធ្លាប់តែប្រើសម្រាប់ឋានៈខ្ពង់ខ្ពស់ ក្លាយទៅជារបស់ធម្មតា បាត់បង់ភាពថ្លៃថ្នូរ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរំលឹកថា កាលពីដើម ព្រះមហាក្សត្រខ្មែរទ្រង់ព្រះរាជានុញ្ញាតឱ្យរាស្ត្រខ្ចីសម្លៀកបំពាក់ពីព្រះបរមរាជវាំង ដើម្បីពាក់ក្នុងថ្ងៃមង្គលការម្តងក្នុងជីវិត គឺដើម្បីឱ្យប្រជារាស្ត្របានពាក់នូវអ្វីដែលខ្ពង់ខ្ពស់ និងត្រឹមត្រូវតាមប្រពៃណី។ ក្ដីស្រឡាញ់នោះពិតជាធំធេងណាស់ ដូច្នេះកាតព្វកិច្ចយើងជំនាន់ក្រោយ គឺត្រូវថែរក្សាក្ដីស្រឡាញ់នោះឱ្យបានត្រឹមត្រូវ។

ការច្នៃម៉ូតមិនមែនជារឿងអាក្រក់ទេ តែត្រូវចេះច្នៃក្នុងផ្នត់គំនិតអភិរក្ស ដូច្នេះហើយមុននឹងកាត់ដេរ មុននឹងផ្សព្វផ្សាយ អ្នកច្នៃម៉ូដគប្បីត្រូវបំពាក់ខ្លួនជាមុនដោយចំណេះដឹង ស្រាវជ្រាវឱ្យបានច្បាស់ពីប្រវត្តិ ទម្រង់ដើម និងបរិបទនៃការប្រើប្រាស់។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រើនរំលឹកនេះ មិនមែនគ្រាន់តែជាសំឡេងដាស់តឿនជាពិសេសដល់អ្នកច្នៃម៉ូតសម្លៀកបំពាក់ គប្បីព្យាយាម សិក្សាស្រាវជ្រាវឈ្វេងយល់ឱ្យច្បាស់អំពីប្រវត្តិសម្លៀកបំពាក់ប្រពៃណី ទាំងទម្រង់ និងបរិបទដើមនៃការប្រើប្រាស់ មុននឹង ប្រើប្រាស់ជាសាធារណៈ ព្រោះហេតុថា ការស្រឡាញ់ពេញចិត្តណាមួយ ឬការប្រើប្រាស់អ្វីមួយ ដោយពុំមានការស្វែងយល់ ពីតម្លៃ និងឫសគល់ដើមឱ្យច្បាស់លាស់នោះ អាចនាំមកនូវលទ្ធផលអវិជ្ជមាន ធ្វើឱ្យខូចខាតឬបាត់បង់តម្លៃនៃបេតិកភណ្ឌ ជាតិខ្លួនទៅវិញ៕

Share.