តាមគេហទំព័រសារព័ត៌មាន Al Jazeera បានផ្សាយនៅព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះឱ្យដឹងថា នាពេលនេះគណៈប្រតិភូចរចាមកពីប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានសម្រេចផ្អាកការពិភាក្សានុយក្លេអ៊ែរដោយប្រយោលជាបណ្ដោះអាសន្ន។

ភាគីខាងអ៊ីរ៉ង់បានបញ្ជាក់ថា សំណើដែលមានលក្ខណៈ សំខាន់ និង អាចទៅរួចជាក់ស្តែង ត្រូវបានលើកយកមកបង្ហាញនៅក្នុងកិច្ចចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការលុបចោលវិធានការទណ្ឌកម្ម នៅព្រឹកមិញនេះ។ដោយឡែកការចរចាថ្មីអាចនឹងចាប់ផ្ដើមបន្តឡើងវិញម្ដងទៀតនៅរសៀលថ្ងៃនេះ ប្រសិនបើមានកិច្ចព្រមព្រៀងថ្មី។

ការពិភាក្សាអំពីជម្លោះដ៏រ៉ាំរ៉ៃជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នេះ កើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីស្ថានភាពដែលកំពុងឆាបឆេះនៅមជ្ឈិមបូព៌ា។ លោក ត្រាំ បានបន្លឺការគំរាមកំហែងដដែលៗក្នុងករណីដែលគ្មានកិច្ចព្រមព្រៀង បន្ទាប់ពីបានពង្រឹងកម្លាំងយោធានៅក្នុងដែនទឹកក្បែរសាធារណរដ្ឋអ៊ីស្លាមមួយនេះ។

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់រ៉យទ័រមុននេះថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងសម្រេចបាននូវក្របខ័ណ្ឌការងារសម្រាប់កិច្ចព្រមព្រៀងមួយ ប្រសិនបើវ៉ាស៊ីនតោនញែកបញ្ហានុយក្លេអ៊ែរ និងបញ្ហាមិនមែននុយក្លេអ៊ែរចេញពីគ្នា។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលលោក ត្រាំ ធ្លាប់បានទទូចថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបញ្ហាផ្សេងៗទៀត គួរតែជាផ្នែកមួយនៃការចរចាជាមួយគ្នា។

បន្ទាប់ពីការពិភាក្សានៅពេលព្រឹកនេះ លោក Badr Albusaidi បានបង្ហើបថា ភាគីទាំងពីរបានផ្លាស់ប្តូរគំនិតប្រកបដោយភាពច្នៃប្រឌិត និងវិជ្ជមាន។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានទទួលស្គាល់ថា គម្លាតមួយចំនួននៅមិនទាន់ត្រូវបានបង្រួមនៅឡើយទេ។

ទីក្រុងវ៉ាស៊ីនតោន ដែលជឿជាក់ថា ទីក្រុងតេអេរ៉ង់ កំពុងស្វែងរកសមត្ថភាពក្នុងការបង្កើតគ្រាប់បែកនុយក្លេអ៊ែរ ចង់ឱ្យអ៊ីរ៉ង់បោះបង់ការចម្រាញ់អ៊ុយរ៉ាញ៉ូម ដែលជាដំណើរការផលិតឥន្ធនៈសម្រាប់រោងចក្រថាមពលអាតូមិក ប៉ុន្តែក៏អាចបង្កើតសម្ភារៈសម្រាប់ក្បាលគ្រាប់នុយក្លេអ៊ែរបានដែរ។

អ៊ីរ៉ង់បានបដិសេធជាយូរមកហើយថា ខ្លួនមិនចង់គ្រប់គ្រងអាវុធនុយក្លេអ៊ែរទេ ហើយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ពួកគេបានបង្ហាញពីភាពបត់បែនក្នុងអំឡុងពេលចរចា។ រ៉យទ័របានរាយការណ៍កាលពីថ្ងៃអាទិត្យទី ២២ កុម្ភៈ ថា ទីក្រុងតេអេរ៉ង់បានស្នើការសម្រុះសម្រួលថ្មីមួយ ដើម្បីដោះដូរជាមួយការដកទណ្ឌកម្ម និងការទទួលស្គាល់សិទ្ធិក្នុងការចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់ពួកគេ។

យ៉ាងណាមិញ សហរដ្ឋអាមេរិកចង់ពង្រីកក្របខ័ណ្ឌនៃការពិភាក្សាទៅលើបញ្ហាផ្សេងទៀត រួមទាំងឃ្លាំងមីស៊ីលរបស់អ៊ីរ៉ង់ និងករណីដែលទីក្រុងតេអេរ៉ង់គាំទ្រក្រុមប្រដាប់អាវុធនៅក្នុងតំបន់ផងដែរ៕

Share.