តាកែវ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្លាស់ប្តូរដោយបង្ខំ លោក ទី្រ ឆាយ នាយក វិទ្យាល័យ ជា ស៊ីម តាកែវ បន្ទាប់ពីលទ្ធផលអធិការកិច្ចរកឃើញកំហុសឆ្គងពាក់ព័ន្ធនឹងការគ្រប់គ្រងថវិកាសាលា។

យោងតាមរបាយការណ៍អធិការកិច្ចរបស់ ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា នាយករូបនេះមានកំហុសលើការគ្រប់គ្រងថវិកា ដែលត្រូវអនុវត្តវិធានការរដ្ឋបាលតាមបទប្បញ្ញត្តិជាធរមាន។

តាមសេចក្តីសម្រេច លោក ទី្រ ឆាយ ត្រូវបានផ្លាស់ទៅបម្រើការងារនៅអង្គភាពក្រោមឱវាទ មន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ។ ជាមួយគ្នានេះ ក្រសួងបានបង្កើតគណៈកម្មការគ្រប់គ្រងបណ្តោះអាសន្ន ដឹកនាំដោយថ្នាក់ដឹកនាំមន្ទីរអប់រំខេត្ត ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ រហូតដល់មានការជ្រើសរើសនាយក ឬនាយិកាថ្មី។

លើសពីនេះ លោក ទី្រ ឆាយ និងអ្នកពាក់ព័ន្ធ ត្រូវបានតម្រូវឱ្យបង្វែរសាច់ប្រាក់ចំនួន ៣៤,១១២,៦០០ រៀល (សាមសិបបួនលាន មួយរយដប់ពីរពាន់ ប្រាំមួយរយរៀលគត់) ចូលថវិកាសាលាវិញ។

វិធានការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងតម្លាភាព និងការគ្រប់គ្រងថវិកា នៅតាមគ្រឹះស្ថានអប់រំឱ្យមានប្រសិទ្ធភាព និងគោរពតាមច្បាប់៕

Share.