កំពង់ស្ពឺ៖ គ្រូបង្រៀនម្នាក់ប្រចាំសាលាបឋមសិក្សាទួលស្រគំ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើកិច្ចសន្យាកែប្រែខ្លួន និងទទួលខុសត្រូវចំពោះកំហុសឆ្គងរបស់ខ្លួន បន្ទាប់ពីបានប្រព្រឹត្តទង្វើមិនសមរម្យនៅក្នុងបន្ទប់រៀន។

តាមខ្លឹមសារកិច្ចសន្យា លោក ឆែ ប៊ុនថន គ្រូបង្រៀនថ្នាក់ទី៦ បានទទួលស្គាល់ថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១ និង១០នាទីព្រឹក លោកបានទៅបត់ជើងតូចនៅក្នុងបន្ទប់រៀនថ្នាក់ទី៣ របស់អ្នកគ្រូ សុខ ផានី ដែលជាទង្វើមិនសមរម្យ និងផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន។

ក្នុងកិច្ចសន្យា លោកបានប្តេជ្ញាថា នឹងមិនប្រព្រឹត្តទង្វើបែបនេះម្តងទៀតឡើយ មិនធ្វើអ្វីដែលផ្ទុយពីក្រមសីលធម៌វិជ្ជាជីវៈ និងខិតខំបំពេញការងារឱ្យបានល្អប្រសើរ។

ជាមួយគ្នានេះ លោកក៏បានសន្យាថា ប្រសិនបើអនុវត្តផ្ទុយពីកិច្ចសន្យា លោក
សុខចិត្តទទួលទណ្ឌកម្មវិន័យ តាមបទប្បញ្ញត្តិជាធរមាន រួមមានការស្តីបន្ទោស ផ្អាកដំឡើងកម្មថ្នាក់ ផ្លាស់ចេញពីអង្គភាព ឬលុបឈ្មោះចេញពីក្របខ័ណ្ឌរដ្ឋ។

កិច្ចសន្យានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ និងមានការយល់ព្រមពីនាយកសាលា ដើម្បីធានាការកែប្រែឥរិយាបថ និងការពារកិត្តិយសវិជ្ជាជីវៈគ្រូបង្រៀន៕

Share.