ក្រសួងបរិស្ថានបានដាក់ចេញវិធានការបច្ចេកទេសនិងច្បាប់ ឱ្យក្រុមហ៊ុនគ្រប់គ្រងទីតាំងទីលានចាក់សំរាម សំណល់រឹងទីប្រជុំជន ស្ថិតនៅភូមិព្រិច សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ បន្ទាប់ពីបានពិនិត្យឃើញថា បានបង្កផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្រសួងបរិស្ថានបានតម្រូវឱ្យម្ចាស់ទីតាំងអនុវត្តដូចតទៅ៖
១.ត្រូវមានវិធានការបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពដុត ឬឆេះ នៅទីតាំងចាក់សំណល់ឱ្យមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ។
២.ត្រូវទទួងរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ៨២៦ អនុលោមតាមមាត្រា១៦១ និងមាត្រា ៦៦៨។
៣.ត្រូវមានវិធានការតាមដានត្រួតពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់ការឆេះទីលាន និងត្រៀមឧបករណ៍បម្រុងសម្រាប់ពន្លត់ភ្លើងឱ្យបានឆាប់រហ័សនៅពេលដែលមានភ្លើងឆេះទីលាន។
៥. ត្រូវត្រៀមឧបករណ៍បម្រុងសម្រាប់ពន្លត់ភ្លើងឱ្យបានឆាប់រហ័សនៅពេលដែលមានភ្លើងឆេះទីលាន។
៦. ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដាក់ជូនក្រសួងបរិស្ថានពិនិត្យនិងផ្ដល់យោបល់។

ជាមួយគ្នានេះក្រសួងបរិស្ថាននឹងបន្តពិនិត្យនិងតាមដានលើវិធានការចំពោះមុខខាងលើ ប្រសិនបើម្ចាស់អាជិវកម្ម មិនបានអនុវត្តតាមវិធានការខាងលើ នឹងទីតាំងអាជីវកម្មនឹងត្រូវបិទនិងដកហូតអាជ្ញាបណ្ណ។

សូមបញ្ជាក់ថា ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីលោកស្រីអភិបាលរងក្រុងដូនកែវ អាជ្ញាធរសង្កាត់និងភូមិ និងមន្ទីរបរិស្ថានខេត្តតាកែវ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងទីលានចាក់សំរាម សំណល់រឹងទីប្រជុំជន ក្នុងក្រុងដូនកែវ ខេត្តតាកែវ និងបានរកឃើញ ការគ្រប់គ្រងសំណល់ពុំត្រឹមត្រូវ តាមគោលការណ៍បច្ចេកទេសនិងច្បាប់ បង្កឱ្យមានការឆេះ ជាបន្តបន្ទាប់ បណ្តាលឱ្យមានផ្សែងនិងក្លិនប៉ះពាល់ដល់បរិយាកាសនិងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្បែរនោះ៕

អត្ថបទ÷ត្រយងតូច

Share.