ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងវាយតម្លៃការរៀបចំសោភ័ណ្ឌភាព បរិស្ថានសិក្សា ព្រមទាំងជួបសំណេះសំណាល សួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍ កតាអោន និងសាលាបឋមសិក្សាក្រសាំងព្នៅ ស្ថិតនៅភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។


ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានឲ្យដឹងថា សាលាបឋមសិក្សា ខូយ រីដា ម្លប់ពោធិ៍ កតាអោន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៨ ខណៈដែលឯកឧត្តមកាន់តំណែងជាអភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកវាលវែង។ ដោយសារភូមិក្រសាំងព្នៅ ជាតំបន់ដាច់ស្រយាល និងទើបបង្កើតថ្មី កុមារមិនទាន់មានសាលារៀន សហគមន៍ និងក្រុមការងារបានរួមគ្នាផ្តួចផ្តើមសាងសង់សាលាឡើងក្រោមធនធានមានកម្រិត។ ការដាក់ឈ្មោះសាលាតាមឈ្មោះ ឯកឧត្តមនេះ គឺធ្វើឡើងតាមសំណើរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


បច្ចុប្បន្ន ដោយពិនិត្យឃើញថា អគារសាលាមានសភាពទ្រុឌទ្រោម និងមិនទាន់មានលក្ខណៈសមរម្យ ឯកឧត្តម ខូយ រីដា បានប្តេជ្ញាផ្តួចផ្តើមប្រមែប្រមូលធនធាន ដើម្បីសាងសង់អគារសិក្សាថ្មី ១ខ្នង មាន៣បន្ទប់ ក្នុងពេលខាងមុខ ឲ្យសមស្របនឹងចំនួនសិស្ស និងស្តង់ដារគរុកោសល្យ។

អត្ថបទ÷ពោធិ៍សាត់

Share.