ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិចិនសរុបចំនួន ៣៤៥នាក់ (ស្រី ១៤នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងបទល្មើសពាក់ព័ន្ធផ្សេងៗ។

ការអនុវត្តនេះ ធ្វើឡើងតាមការណែនាំរបស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ដោយបានបញ្ជាឱ្យនាយកដ្ឋានជំនាញ សហការជាមួយស្ថានទូតចិន បន្តអនុវត្តនីតិវិធីបណ្ដេញចេញតាមច្បាប់។

ជនបរទេសទាំងនេះ ត្រូវបានបង្ក្រាបនៅរាជធានីភ្នំពេញ ពាក់ព័ន្ធសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ប្រើប្រាស់សារធាតុញៀន និងលួចឆ្លងដែនខុសច្បាប់។ ការបណ្ដេញចេញ ត្រូវបានអនុវត្តតាមយន្តហោះពិសេស តាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិតេជោ។

សមត្ថកិច្ចបញ្ជាក់ថា ការបណ្ដេញចេញជនបរទេសខាងលើ គឺជាការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការបង្ការ បង្រ្កាប និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសន្តិសុខ សុវត្ថិភាពសង្គម និងការពារប្រជាពលរដ្ឋទាំងក្នុងតំបន់ ៕

Share.