ក្នុងស្មារតីបន្តមរតកនយោបាយដែលតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាអាទិភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បន្តសកម្មភាពដោះស្រាយរាល់សំណូមពររបស់ពលរដ្ឋឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់បំផុត។
ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញនូវមោទនភាពចំពោះសមិទ្ធផលដែលសម្រេចបានគួរឱ្យកត់សម្គាល់៖
១. តួលេខនៃជំនឿទុកចិត្ត និងប្រសិទ្ធភាពការងារ
- វេទិកាសាធារណៈ៖ ក្នុងឆ្នាំ២០២៥ សម្រេចបានចំនួន ២៨៦លើក។
- ការដោះស្រាយបញ្ហា៖ ទទួលបានសំណើ និងសំណូមពរចំនួន ១,៩១៥ករណី ក្នុងនោះបានដោះស្រាយបញ្ចប់ដោយជោគជ័យចំនួន ១,១៣៨ករណី (ស្មើនឹង ៥៩,៤៣%)។
- ស្មារតីមនុស្សធម៌៖ រដ្ឋបាលខេត្តប្រមូលថវិកាជិត ១លានដុល្លារ ជួយដល់យុទ្ធជនជួរមុខ និងចំណាយជាង ២០ប៊ីលានរៀល លើវិស័យអប់រំ (សាងសង់សាលាមត្តេយ្យស្តង់ដារបាន ២១ខ្នង)។
ឯកឧត្តមអភិសន្តិបណ្ឌិត បានប្រកាសថា ព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែងឆ្នាំនេះ នឹងកាត់បន្ថយថវិកាចំនួន ៥០% បើធៀបនឹងឆ្នាំមុន។ ការសម្រេចចិត្តនេះ គឺដើម្បីឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការយោគយល់ចំពោះកងកម្លាំងដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងបងប្អូនជនភៀសសឹកដែលមិនទាន់បានវិលត្រឡប់ទៅផ្ទះសម្បែង។

២. ទិសដៅយុទ្ធសាស្ត្រ និងការរឹតបន្តឹងសន្តិសុខ
ដើម្បីបន្តលើកកម្ពស់ជីវភាព និងសេចក្តីសុខរបស់ពលរដ្ឋ ឯកឧត្តមបានដាក់ចេញនូវការណែនាំសំខាន់ៗ រួមមាន៖
- សន្តិសុខឌីជីថល៖ បង្កើនការអប់រំដល់ពលរដ្ឋឱ្យយល់ដឹងពីការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam )។
- សណ្តាប់ធ្នាប់សង្គម៖ លុបបំបាត់ឱ្យអស់នូវបញ្ហាគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ។
- សេវាសាធារណៈ៖ ជំរុញការវាស់វែងផ្តល់ប្លង់ដីកម្មសិទ្ធិ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន។
- ការគ្រប់គ្រងជនបរទេស៖ រឹតបន្តឹងការអនុវត្តអនុក្រឹត្យលេខ ០៣ លើការរាយការណ៍វត្តមានជនបរទេសឱ្យបានហ្មត់ចត់។

មុននឹងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានកោតសរសើរចំពោះការដឹកនាំរបស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ដែលបានខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងរលូន និងមានតម្លាភាព ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើពលករវិលត្រឡប់ពីក្រៅប្រទេស ដោយជួយទាំងការឧបត្ថម្ភ និងស្វែងរកការងារធ្វើជូនពួកគាត់ថែមទៀតផង៕

អត្ថបទ៖ត្រយង
