ប្រឈមមុខនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ ការផ្ទុះឡើងនៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា   ចាប់ពីតំបន់កាហ្សា ពិសេសសង្គ្រាមរវាងអាមេរិកនិងសម្ព័ន្ធមិត្តអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់  បាននិងកំពុងតែធ្វើឲ្យមានការជជែកវែកញែក នៅតាមវេទិកានានាជាច្រើន ក្នុងចំណោម មហាជនខ្មែរ ទាំងវេទិកាជជែកតាមបណ្តាញផ្សព្វផ្សាយនិងនៅតាមទីសាធារណៈពិសេសនៅតាមតៀមកាហ្វេ។

ក្នុងចំណោមទស្សនៈចម្រុះទាំងនោះ ក៏មានដែរការបង្ហាញនូវក្តីបារម្ភអំពីការបាត់បង់នូវបូរណភាពទឹកដី ដែនអធិបតេយ្យភាពជាតិខ្មែរបន្ថែមទៀត ដែលបណ្តាលមកពីការឈ្លានពានរបស់កងទ័ពថៃ។មានការបារម្ភថា ពេលនេះពិភពលោកកំពុងតែផ្តោតការយកចិត្តដាក់ និងចោលភ្នែកសំឡឹងទៅកាន់ហេតុការណ៍សង្គ្រាមប្រយុទ្ធគ្នារវាងមហាអំណាចអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ជាមួយនឹងប្រទេសអារ៉ាប់ដ៏មានឥទ្ធិពលគឺប្រទេសអ៊ីរ៉ង់។ ដូច្នេះហើយនឹងធ្វើឲ្យចំណាប់អារម្មណ៍របស់ពិភពលោកមកកាន់ស្ថានការណ៍ជម្លោះព្រំដែន ក៏ដូចជាទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជានឹងមានការថយចុះ ឬក៏មិនត្រូវបានគេចាប់អារម្មណ៍តែម្តង។ការណ៍នេះ នឹងធ្វើឲ្យកងទ័ពថៃ អាចនឹងឆ្លៀតឱកាសធ្វើសកម្មភាព ទៅលើទីតាំងដែលខ្លួនបានកាន់កាប់ក្រោយបទឈប់បាញ់ចូលជាធរមានឬក៏ពង្រីកការទន្ទ្រានកាន់កាប់ទឹកដីកម្ពុជាកាន់តែខ្លាំងក្លាបន្ថែមទៀត។

ជាការកត់សម្គាល់ ការលើកឡើងនូវក្តីបារម្ភដូចដែលបានលើកឡើងមកនេះ មិនមែនគ្មានហេតុផលនោះឡើយ។នោះ ក៏ព្រោះតែយោធាថៃ មិនបាននៅស្ងៀមនោះឡើយ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ចូលជាធរមាន ដោយពួកគេនៅតែបន្តធ្វើសកម្មភាពឈួសឆាយ សាងសង់សំណង់ផ្សេងៗ ដាក់ទូកុងតឺន័រ រួមទាំងរាយបន្លាលួសហ៊ុំព័ទ្ធភូមិដ្ឋានរបស់ពលរដ្ឋខ្មែរ មិនឲ្យពួកគេអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ ដែលជាសកម្មភាពផ្ទុយទៅនឹងខ្លឹមសារនៃកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ។ជាក់ស្តែងត្រង់ចំណុចទី៦នៃកិច្ចព្រមព្រៀងបានចែងថា “ភាគីទាំងពីរ ឯកភាពគ្នាមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលអាចនាំឱ្យមានភាពតានតឹង ដោយរួមបញ្ចូលទាំងសកម្មភាពយោធាចូលក្នុងដែនអាកាស និងបូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀតគិតចាប់ពីពេលមានបទឈប់បាញ់។ ភាគីទាំងពីរ ឯកភាពគ្នាមិនធ្វើការសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធា ឬលេណដ្ឋានផ្សេងៗ នៅហួសពីទីតាំងរបស់ខ្លួនឡើយ។”

នៅចំពោះមុខសកម្មភាពរំលោភបំពានរបស់ក្រុមយោធាថៃនេះ សូម្បីតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែតនៅក្នុងបទសម្ភាសជាមួយនឹងបណ្តាញផ្សាយព័ត៌មានធំៗទាំងនៅអាមេរិកនិងអឺរ៉ុប ក៏បានលើកឡើងនិងបង្ហាញនូវក្តីបារម្ភផងដែរ។

យ៉ាងណាក៏ដោយ នៅចំពោះមុខស្ថានការណ៍នេះ ស្មេរយល់ថា ការបង្ហាញនូវក្តីបារម្ភ ខ្លាំងពេក នឹងនាំឲ្យយើងបាក់ទឹកចិត្ត ផ្តួលផ្តេកទៅតាមស្ថានការណ៍ ទៅជាអស់កម្លាំង    តស៊ូប្រឆាំនឹងសត្រូវឈ្លានពានទៅវិញ។ ជាងពេលណាៗទាំងអស់ ពលរដ្ឋខ្មែរត្រូវតែបង្កើនស្មារតីសាមគ្គីឯកភាពជាតិ ឲ្យបានកាន់តែរឹងមាំបន្ថែមទៀត។មិនមែនមានតែថ្នាក់ដឹកនាំប្រទេស និងកងកម្លាំងប្រដាប់អាវុធឬក៏កម្លាំងសមរភូមិមុខនោះទេ ដែលត្រូវការពារជាតិ បូរណភាពទឹកដីនោះ គឺគ្រប់គ្នាសុទ្ធតែមានចំណែកចូលរួមការពារជាតិទៅតាមជំនាញនិងតួនាទីរៀងៗខ្លួន។មហាកម្លាំងសាមគ្គីនិងការគាំទ្រពីសំណាក់សមរភូមិក្រោយពិតជាឱសថទិព្វដ៏មានឥទ្ធិពល ក្នុងការលើកទឹកចិត្តវីរយុទ្ធជនដែលឈរជើងនៅសមរភូមិមុខយកទ្រូងពាំងគ្រាប់ដើម្បីការពារជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

ដូនតាខ្មែរបានបន្សល់ទុកនូវសុភាសិតដ៏មានអត្ថន័យគឺ «ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ» ។ក្នុងន័យនេះ ក្នុងសមរភូមិ «បាយ» តំណាងឱ្យស្បៀងអាហារ និងកម្លាំងថាមពល។ សង្គ្រាមមិនមែនឈ្នះតែលើអាវុធយុទ្ធភណ្ឌ ឬយុទ្ធសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែគឺឈ្នះលើ «ពោះ» របស់កងទ័ព។ដូច្នេះ កងទ័ពរបស់យើងត្រូវតែមានស្បៀងនិងសម្ភារៈទ្រទ្រង់ឲ្យបានគ្រប់គ្រាន់ ដែលទាមទារនូវការចូលរួមចំណែកឧបត្ថម្ភគាំពារពីសមរភូមិក្រោយ(ពលរដ្ឋ) ក្រៅពីរបបដែលរាជរដ្ឋាភិបាលផ្តល់និងផ្គត់ផ្គង់។ សូមកុំនាំគ្នាផ្អើល   គៀងគរភ្លូកទឹកភ្លូកដី តែនៅពេលមានការប្រយុទ្ធគ្នា ដល់ពេលស្ថានការណ៍ស្ងប់យើង បែរជាភ្លេចខ្លួនជួយគាំទ្រស្បៀងដល់សមរភូមិមុខ។

ជារួមមកវិញ យើងត្រូវបន្តលើកកម្ពស់ស្មារតីរួបរួមសាមគ្គីភាពឯកភាពជាតិឲ្យបានរឹងមាំ និងមានការជឿជាក់លើរាជរដ្ឋាភិបាល ចៀសវាងជឿតាមក្រុមជ្រុលនិយមដែលបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតកេងចំណេញនយោបាយនិងដើម្បីបង្កើតចលាចលនៅក្នុងប្រទេស។សូមចងចាំពោកស្លោកមួយថា”ខ្មែររួមគ្នា ខ្មែរខ្លាំង” ៕

Share.