នៅលើវេទិកាអន្តរជាតិនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ UNHRC សំឡេងរបស់កម្ពុជាបានបន្លឺឡើងយ៉ាងច្បាស់ៗ និងប្រកបដោយកិត្តិយស។ តាមរយៈបទអន្តរាគមន៍របស់ ឯកឧត្តម អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ កម្ពុជាបានបញ្ជូនសារដ៏មានឥទ្ធិពលមួយទៅកាន់ពិភពលោកកាន់តែច្បាស់ថា អធិបតេយ្យភាពជាតិមិនមែនជាការលេងសើច ហើយសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនស៊ីវិលមិនមែនជាកម្មវត្ថុនៃការចរចាឡើយ។

នៅក្នុងបទអន្តរាគមន៍របស់ ឯកឧត្តម អុិន តារា បានរំលឹកឡើងថា ភាពគួរឱ្យទុកចិត្តនៃរបបអន្តរជាតិ មិនត្រូវបានបញ្ជាក់នៅពេលមានភាពងាយស្រួលទេ ប៉ុន្តែនៅពេលមានសម្ពាធនៅពេលដែលការគោរពច្បាប់មិនសមស្របតាមផលប្រយោជន៍ និងការអត់ធ្មត់តម្រូវឱ្យមានភាពក្លាហាន។ សន្តិភាព និងសន្តិសុខ មិនមែនជាគោលបំណងតុបតែងនោះទេ ប៉ុន្តែជាសសរគ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងជាមូលដ្ឋានសម្រាប់ការអនុវត្តសិទ្ធិមនុស្សទាំងអស់។ នៅពេលសន្តិភាពដួលរលំ ច្បាប់ក៏ស្ងៀមស្ងាត់ ហើយសិទ្ធិមនុស្សប្រឈមនឹងការក្លាយជាសន្យាទទេ។
យ៉ាងណាក៏ដោយ កម្ពុជាបានកំពុងប្រឈមមុខនឹងការប្រែបំលែងគោលការណ៍ដ៏គួរឱ្យព្រួយបារម្ភមួយ៖ ច្បាប់ត្រូវបានចាត់ទុកថាជាជម្រើស សន្តិភាពត្រូវបានធ្វើឱ្យអាចចរចា និងការប្រើកម្លាំងត្រូវបានបង្ហាញថាជាមធ្យោបាយងាយស្រួល។ ធម្មនុញ្ញមិនត្រូវបានរៀបចំឡើងសម្រាប់ការអនុវត្តជ្រើសរើសនោះទេ ហើយក៏មិនមែនដើម្បីផ្តល់សុពលភាពដល់ស្ថានការណ៍ដែលបានបង្កើតរួចដោយការប្រើប្រាស់កម្លាំងនោះដែរ។ ការបង្ខិតបង្ខំមិនអាចនាំមកនូវសន្តិភាពបានទេ ហើយការកាន់កាប់មិនអាចផ្តល់សុពលភាពផ្លូវច្បាប់បានឡើយ។
ក្នុងបរិបទនេះ ចាប់តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានអនុវត្តប្រតិបត្តិការយោធាបន្តបន្ទាប់នៅតាមផ្នែកជាច្រើននៃតំបន់ព្រំដែន បណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សហគមន៍ស៊ីវិល និងការរំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជា។ ផលប៉ះពាល់លើមនុស្សមានភាពធ្ងន់ធ្ងរ៖ ការបាត់បង់ជីវិតស៊ីវិល ការបំផ្លាញលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ ការលួចប្លន់ ការបង្ខំឱ្យចាកចេញ និងការផ្លាស់ទីលំនៅទ្រង់ទ្រាយធំ។ ខ្សែរលួសបន្លា និងកុងតឺន័រ នៅតែបន្តរារាំងការចូលទៅកាន់ផ្ទះ និងភូមិ ធ្វើឱ្យការវិលត្រឡប់ដោយសុវត្ថិភាព និងមានកិត្តិយសកាន់តែពិបាក និងបន្ថែមការរងទុក្ខរបស់ជនស៊ីវិល។
កម្ពុជាអំពាវនាវដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឱ្យលើកតម្កើងច្បាប់លើសការប្រើប្រាស់កម្លាំង និងចាត់វិធានការដោយភាពមុតមាំ។ មានតែតាមរយៈការគោរពអធិបតេយ្យភាព ការទទួលខុសត្រូវចំពោះការរំលោភច្បាប់ និងសកម្មភាពពហុភាគីដែលមានគោលការណ៍ប៉ុណ្ណោះ ទើបអាចការពារសេចក្តីថ្លៃថ្នូរមនុស្សជាតិ និងធ្វើឱ្យសន្តិភាពមានភាពចីរភាពបាន។
ជារួមបទអន្តរាគមន៍របស់តំណាងកម្ពុជានៅទីក្រុងហ្សឺណែវ គឺជាសក្ខីភាពនៃភាពចាស់ទុំខាងនយោបាយការបរទេស និងភាពម៉ឺងម៉ាត់ក្នុងការការពារផលប្រយោជន៍ជាតិ។ កម្ពុជាបានបង្ហាញឱ្យឃើញថា ទោះជាប្រទេសតូច ប៉ុន្តែមានឆន្ទៈដ៏ធំធេងក្នុងការតស៊ូមតិដើម្បីយុត្តិធម៌។ ពិភពលោកត្រូវតែស្តាប់ និងចាត់វិធានការ ដើម្បីធានាថា ច្បាប់អន្តរជាតិ នៅតែមានតម្លៃសម្រាប់ការពារអ្នកទន់ខ្សោយពីការរំលោភបំពានពីសំណាក់អ្នកខ្លាំង៕

