នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋចំនួន ១២ គ្រួសារ មកពីភូមិចំនួន ៤ ក្នុងឃុំស្វាយទាប ស្រុកចំការលើ ដែលបានរងគ្រោះដោយសារបាតុភូតខ្យល់កន្ត្រាក់។

យោងតាមរបាយការណ៍ ហេតុការណ៍ខ្យល់កន្ត្រាក់លាយឡំនឹងភ្លៀងធ្លាក់ខ្លាំងនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ ខ្យល់ដែលបក់បោកយ៉ាងខ្លាំងបានបណ្តាលឱ្យផ្ទះចំនួន ១០ខ្នង ក្នុងភូមិថ្នល់បែកកើត ភូមិថ្នល់បែកលិច ភូមិថ្នល់បែកជើង និងភូមិស្វាយទាប រងការរបើកដំបូលស័ង្កសី ក្នុងនោះមានផលប៉ះពាល់កម្រិតមធ្យម ៤ខ្នង និងកម្រិតស្រាល ៦ខ្នង ព្រមទាំងបណ្តាលឱ្យរបើកដំបូលផ្សារមួយកន្លែងផងដែរ។

ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិដែលកើតឡើងដោយស្មានមិនដល់នេះ។ ឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីអាណិតអាសូរពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ សាសនា ឬនិន្នាការនយោបាយឡើយ ស្របតាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

ទន្ទឹមនឹងការផ្តល់ជំនួយ ឯកឧត្តមប្រធានសាខាបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ដូចជា ភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដោយត្រូវស្វែងរកកន្លែងដែលមានសុវត្ថិភាពដើម្បីបង្ការគ្រោះថ្នាក់ដល់ជីវិត។ ជាមួយគ្នានេះ ឯកឧត្តមក៏បានរំលឹកឱ្យពលរដ្ឋអនុវត្តវិធានការអនាម័យ “ស្អាត ៣ យ៉ាង” ថែទាំសុខភាពរស់នៅតាមបែបគន្លងថ្មី ដើម្បីជៀសផុតពីជំងឺមិនឆ្លងនានា និងរួមគ្នាពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុនៅក្នុងសហគមន៍។

សូមជម្រាបថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនគ្រួសាររងគ្រោះនីមួយៗ រួមមាន ៖ អង្ករ ២៥គក្រ មី ១កេស ត្រីខ ១យួរ  -ទឹកត្រី ១យួរ- ទឹកស៊ីអ៊ីវ ១យួរ និង ឃីត ១សម្រាប់។ ចំពោះ ថវិកា ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង ពី ៣០០.០០០ រៀល ដល់ ១០០,០០០រៀល ៕

អត្ថបទ៖ អាចារ្យលាក់

Share.