ចប់​ការប្រកួតពេញ​ ៩០នាទីដ៏​តានតឹង ព្រះខ័នរាជស្វាយរៀងបាន​យក​ឈ្នះ​​ភ្នំពេញក្រោន ដោយ​លទ្ធផល ៤ទល់​និង​១ នៃ​ពានរង្វាន់លំដាប់ទី៣ប្រចាំទ្វីប AFC Challenge League 2025-26 ជើងទី១ វគ្គ៨ក្រុមចុងក្រោយ នាពហុកីឡដ្ឋាន​ជាតិ​រាជធានីភ្នំពេញ នៅ​រាត្រីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។

ក្រោម​ក្រសែភ្នែក​អ្នក​គាំទ្រជាច្រើន ក្រុម​ទាំង​២ បាន​សម្រុកគ្នា​ចាប់​ពីនាទីទី១ ដោយ​ភ្នំពេញ រក​បាន​១គ្រាប់មុននៅនាទីទី៣ រក​បាន​ដោយ​កីឡាករ Mosses Dyer ឈាន​ដល់​នាទីទី២៩ ស្វាយរៀង រក​បាន​គ្រាប់​តាម​ស្មើ​វិញ ដោយ​កីឡាករ Peprah Kwame រហូ​តដល់​ចប់​វគ្គទី១។

លុះ​ដល់​វគ្គទី២ ខ្សែប្រយុទ្ធសញ្ជាតិ​ហ្គាណា Peprah Kwame បន្ថែម ១គ្រាប់​ទៀត នៅ​នាទីទី​៦៧ មិន​ទាន់​ស្ងាត់​សម្លេងហ៊ោរបស់​អ្នកគាំទ្រ ស្វាយរៀងបាន​បន្ថែម​សម្ពាធលើភ្នំពេញក្រោន នៅគ្រាប់​ទី៣ ដោយ​កីឡាករ Patrick នៅ​នាទីទី៧៥ រំលង់​បាន​៧នាទី ពោល​នៅនាទីទី៨២ ខ្សែប្រយុទ្ធ Peprah Kwame ស៊ុតគ្រាប់​បាល់ទី៤ និង​ជាគ្រាប់ Hat-Trick (៣គ្រាប់​ម្នាក់ឯង) រក្សាលទ្ធផលរហូត​ដល់​ចប់​ការប្រកួត ភ្នំពេញក្រោន ១-៤ ស្វាយរៀង។

សម្រាប់​កម្មវិធីប្រកួត ទាំង​២ជើង​ របស់​ក្រុម​ទាំង២៖

  • ជើងទី១ ភ្នំពេញក្រោន ១-៤ ព្រះខ័នរាជស្វាយរៀង ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ
  • ជើងទី២ ព្រះខ័័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ​ពហុកីឡដ្ឋានមរតកតេជោ

ការប្រកួតវគ្គជម្រុះក្នុងពូលតាមតំបន់ទាំង២ ពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីប AFC Challenge League ២០២៥-២៦ ត្រូវ​បានចាប់​ផ្ដើម​កាលពី​ថ្ងៃទី២៥ តុលា សម្រាប់តំបន់​អាស៊ីខាងលិច និងថ្ងៃទី២៦ តុលា សម្រាប់​តំបន់អាស៊ី​ខាង​កើត ខណ:វគ្គ ៨ក្រុម តំបន់​ខាងកើត​ចាប់​ផ្ដើម​នៅ​ថ្ងៃទី៥ មីនា ស្រប​ពេល​តំបន់​ខាង​លិត​ត្រូវ​បាន​ពន្យា​ពេល ដោយ​សារ​ស្ថាន​ភាព​ភូមិសាស្ត្រ ខណៈវគ្គ​ផ្ដាច់​ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ

គួរបញ្ជាក់ថា សម្រាប់​ពានរង្វាន់​កម្រិតទី៣ប្រចាំទ្វីបអាស៊ី AFC Challenge League រដូវកាល ២០២៤-២៥ ម្ចាស់ជើងឯក​បាន​ទៅលើ ក្រុមបាល់ទាត់ FK Arkadag របស់តួកម៉េនីស្ថាន ក្រោយយកឈ្នះលើក្រុម​ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ២ទល់នឹង១ ក្រោយ​ចំណាយពេលនៅលើទីលានសរុប ១២០នាទី នៅ​ពហុកីឡដ្ឋានជាតិ​មរតតេជោ ​រាជធានី​ភ្នំពេញ​ កាលពី​​ថ្ងៃ​ទី​១០ ខែ​​ឧសភា ឆ្នំា ២០២៥៕

Share.