គិតត្រឹមរយៈពេល១៦ឆ្នាំចុងក្រោយ នៃពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ី ក្រោយក្លិបនៅកម្ពុជា បានចូលរួម ប្រកួតក្នុងនោះមានកីឡាករពីក្លិបនៅលីគកំពូលកម្ពុជា ចំនួន៥រូបដែលអាចរកគ្រាប់បាល់ Hat-trick ៣គ្រាប់ និង៤គ្រាប់ម្នាក់ឯងក្នុងមួយប្រកួត។
ថ្ងៃនេះសារព័ត៌មានត្រយង សូមលើកយកកីឡាករពីលីគកម្ពុជា អាចរកគ្រាប់បាល់ Hat-Trick នៅពានរង្វាន់ប្រចាំទ្វីបអាស៊ី ដូចតទៅ៖
ទី១) កីឡាករ ទៀប វឌ្ឃនៈ សមាជិករបស់ក្រុមណាហ្គាខប ដែលបច្ចុប្បន្នមានឈ្មោះថាណាហ្គាវើលដ៍ អាចរកបាន៣គ្រាប់ ក្នុងជំនួបយកឈ្នះលើកក្រុម Renmown Sports Club របស់ស្រីលង្កា ដោយលទ្ធផល ២-៤ នៃវគ្គជម្រុះក្នុងពូលពានរង្វាន់ AFC President’s Cup កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១០។

ទី២) កីឡាករ ឃីម បូរី អតីតកីឡាកររបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន អាចរកគ្រាប់បាល់បានចំនួន ៣គ្រាប់ ក្នុងជំនួបយកឈ្នះលើក្រុម Yeedzin របស់ប៊ូតាន ដោយលទ្ធផល ៨-០ នៃវគ្គជម្រុះតាមពូល ពានរង្វាន់ AFC President’s Cup កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១២។

ទី៣) កីឡាករ ចាន់ វឌ្ឃនាកា សមាជិករបស់ក្រុមក្រុមបឹងកេត អាចរកគ្រាប់បាល់បានចំនួន ៤គ្រាប់ ដោយកាលនោះបឹកកេត យកឈ្នះលើក្រុម Sri Lanka Army របស់ស្រីលង្កា ដោយលទ្ធផល ៦-០ នៃវគ្គជម្រុះតាមពូលពានរង្វាន់ AFC President’s Cup កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣ ។

ទី៤) កីឡាករ Cristan Roque សញ្ជាតិប្រេស៊ីល សមាជិករបស់ក្រុមព្រះខ័នរាជស្វាយរៀង អាចរកបានចំនួន៣គ្រាប់ ដោយកាលនោះយកឈ្នះលើក្រុម Shan United ដោយលទ្ធផល ៦-២ នៅវគ្គ៨ក្រុមចុងក្រោយជើងទី១ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

ទី៥) កីឡាករ Kwame Peprah សញ្ជាតិហ្គាណា សមាជិករបស់ព្រះខ័នរាជស្វាយរៀង អាចរកបាន៣គ្រាប់ ក្នុងការបង្ហាញខ្លូន វគ្គ៨ក្រុមចុងក្រោយជើងទី១ ក្រោយឈ្នះលើក្រុមភ្នំពេញក្រោន ដោយលទ្ធផល ១-៤ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ។

——————————————————————————————————
សូមជម្រាបថា ការប្រកួតពានរង្វាន់លំដាប់ទី៣ប្រចាំទ្វីប AFC Challenge League 2025-26 បានបញ្ចប់ជើងទី១ ចំនួន៤ក្រុមរួចរាល់ នៃវគ្គ៨ក្រុមចុងក្រោយ ដោយព្រះខ័នរាជស្វាយរៀង បានយកឈ្នះភ្នំពេញក្រោន ដោយលទ្ធផល ៤ទល់និង១ ស្របពេល ក្រុម Manila Digger FC របស់ហ្វីលីពីន យកឈ្នះ ក្រុម Dewa United FC របស់ឥណ្ឌូណេស៊ី ១-០។
អត្ថបទពាក់ព័ន្ធ៖ ខ្សែប្រយុទ្ធពី CPL ២រូប កំពុងឈរក្នុងបញ្ជី Top scorers ក្នុងពានរង្វាន់លំដាប់ទី៣ ប្រចាំទ្វីប
សម្រាប់កម្មវិធីប្រកួត ជើងទី២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦៖
- ព្រះខ័័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន នៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ
- Dewa United FC ប៉ះ Manila Digger FC នៅកីឡដ្ឋាន Sports Centre Kelapa Dua ប្រទេសឥណ្ឌូណេស៊ី
ការប្រកួតវគ្គជម្រុះក្នុងពូលតាមតំបន់ទាំង២ ពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីប AFC Challenge League ២០២៥-២៦ ត្រូវបានចាប់ផ្ដើមកាលពីថ្ងៃទី២៥ តុលា សម្រាប់តំបន់អាស៊ីខាងលិច និងថ្ងៃទី២៦ តុលា សម្រាប់តំបន់អាស៊ីខាងកើត ខណ:វគ្គ ៨ក្រុម តំបន់ខាងកើតចាប់ផ្ដើមនៅថ្ងៃទី៥ មីនា ស្របពេលតំបន់ខាងលិតត្រូវបានពន្យាពេល ដោយសារស្ថានភាពភូមិសាស្ត្រ ខណៈវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ។
គួរបញ្ជាក់ថា សម្រាប់ពានរង្វាន់កម្រិតទី៣ប្រចាំទ្វីបអាស៊ី AFC Challenge League រដូវកាល ២០២៤-២៥ ម្ចាស់ជើងឯកបានទៅលើ ក្រុមបាល់ទាត់ FK Arkadag របស់តួកម៉េនីស្ថាន ក្រោយយកឈ្នះលើក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ២ទល់នឹង១ ក្រោយចំណាយពេលនៅលើទីលានសរុប ១២០នាទី នៅពហុកីឡដ្ឋានជាតិមរតតេជោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នំា ២០២៥៕

