កណ្តាល៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៤:៤៥នាទី។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបាត់ជីវិតមានឈ្មោះ អៀង វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI Let’s ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HJ-0323 មិនពាក់មួកសុវត្ថិភាព ក្នុងទិសដៅពីកោះធំ-តាខ្មៅ។

លុះមកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូបានវ៉ាជែងរថយន្តនៅខាងមុខ ហើយជ្រុលទៅបុកជាមួយរថយន្តម៉ាក TOYOTA Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2CB-2413 បើកបរដោយឈ្មោះ ព្រំ សុភាន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបើកបរពីទិសផ្ទុយគ្នា (តាខ្មៅ-កោះធំ) បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងវាស់វែងទីតាំងកើតហេតុ ព្រមទាំងនាំខ្លួនអ្នកបើករថយន្តទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

