ភ្នំពេញ៖ ជនត្រូវចោទជាបរទេសចំនួន ៧នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃសម១ ជាបណ្ដោះអាសន្ន ពាក់ព័ន្ធបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង។


តាមប្រភពពីតុលាការ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ លោក ឡោ ក្រឹម ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនជនត្រូវចោទបរទេសទាំង ៧នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។


ជនត្រូវចោទទាំង ៧នាក់ រួមមាន៖ NAN LIANG អាយុ ៣៥ឆ្នាំ ជនជាតិចិន, KIRAN KUMAR BAYAK អាយុ ២៥ឆ្នាំ ជនជាតិនេប៉ាល់, FAN LEI អាយុ ៣៣ឆ្នាំ ជនជាតិចិន, CHEN LANG អាយុ ៣៣ឆ្នាំ ជនជាតិចិន, XIA CHAO អាយុ ២៧ឆ្នាំ ជនជាតិចិន, MOHD SAKIB អាយុ ២៦ឆ្នាំ ជនជាតិឥណ្ឌា និង XI BING អាយុ ៣៧ឆ្នាំ ជនជាតិចិន។ ជនទាំងនេះភាគច្រើនមានមុខរបរជាបុគ្គលិកអនឡាញ និងស្នាក់នៅក្នុងរាជធានីភ្នំពេញ។


តាមការស៊ើបអង្កេត សមត្ថកិច្ចបានរកឃើញថា ក្រុមជនត្រូវចោទ បានប្រព្រឹត្តសកម្មភាពឆបោកជាក្រុមមានការរៀបចំ នៅចំណុចអគារស្តាស៊ីធី អគារលេខ២ ជាន់ទី៩ បន្ទប់លេខ៩១២ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីអំឡុងឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

បទល្មើសនេះ ត្រូវបានចោទប្រកាន់តាមមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ទោសចំពោះបទឆបោកមានស្ថានទម្ងន់ទោស។ បច្ចុប្បន្ន ជនត្រូវចោទទាំង ៧នាក់ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសម១ ដើម្បីរង់ចាំដំណើរការនីតិវិធីបន្ត។

អត្ថបទ÷ចតុម្មុខ

Share.