ថ្មីៗនេះ ដោយតសារតែការផ្ទុះរីករាលដាលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បណ្ដាលឱ្យបញ្ហាកង្វះប្រេង និងតម្លៃប្រេងហក់ឡើងខ្ពស់ ដើម្បីទប់ស្កាត់និងដោះស្រាយបញ្ហាចំពោះមុខ រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បានបន្តប្រកាសឲ្យដឹងថា រថយន្តឯកជនពាក់កណ្តាល នឹងត្រូវហាមឃាត់មិនឱ្យប្រើប្រាស់លើដងផ្លូវឡើយក្នុងមួយថ្ងៃៗ ដើម្បីសន្សំសំចៃស្តុកប្រេងឥន្ធនៈ។

នៅក្នុងសេចក្ដីថ្លែងការណ៍ដែលចេញដោយរដ្ឋាភិបាលយោធា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍បានលើកឡើងថាផ្អែកលើលេខចុងនៃស្លាកលេខសម្គាល់ រថយន្តដែលពាក់ស្លាកលេខ «សេស» គឺនឹងត្រូវអនុញ្ញាតឱ្យបើកបរលើដងផ្លូវ តែនៅក្នុងថ្ងៃសេសប៉ុណ្ណោះ ដោយបន្សល់ទុកថ្ងៃគូឱ្យរថយន្តមានស្លាកលេខ «ថ្ងៃគូ»។ រដ្ឋាភិបាលយោធាបានបកស្រាយថា ហេតុផលនៃការដាក់ចេញគោលការណ៍បែបនេះ គឺដោយសារស្ថានការណ៍នយោបាយពិភពលោក និងជម្លោះនៅមជ្ឈិមបូព៌ា។
ចំណែក យានយន្តអគ្គិសនី (EV) រថយន្តក្រុង រថយន្តតាក់ស៉ី រថយន្តដឹកទំនិញ រថយន្តសង្រ្គោះបន្ទាន់ និងរថយន្តដឹកជញ្ជូនសំរាម គឺត្រូវបានលើកលែង។

សម្រាប់គោលការណ៍ថ្មីនេះ នៅមិនទាន់ច្បាស់ភ្លាមៗនៅឡើយទេ ថាតើនឹងត្រូវធានាការអនុវត្តដោយរបៀបណា ឬមានរយៈពេលយូរប៉ុនណា ប៉ុន្តែរដ្ឋាភិបាលយោធាបាននិយាយថា អ្នកបំពាននឹងប្រឈមមុខវិធានការច្បាប់។ ទន្ទឹមគ្នានោះ របបសឹកមីយ៉ាន់ម៉ា ក៏បានព្រមានម្ចាស់អាជីវកម្មក៏ដូចជាសាធារណជនផងដែរ ដោយហាមដាច់ខាតមិនឱ្យប្រមូលទិញប្រេងឥន្ធនៈស្តុកទុក ឬលក់បន្តក្នុងតម្លៃបំប៉ោងខ្ពស់នោះឡើយ៕

