បាត់ដំបង÷ ក្រោយអគ្គិភ័យឆាបឆេះបំផ្លាញផ្ទះពលរដ្ឋបានកើតឡើង ឯកឧត្តម សុខ លូ បានណែនាំឲ្យប្រជាពលរដ្ឋកុំមានការជ្រួលច្របល់ទិញប្រេងស្តុកទុកនៅតាមផ្ទះព្រោះវាអាចបង្កហានិភ័យគ្រប់ពេល។

ក្នុងពិធីបើកការដ្ឋានជួសជុលស្ដារឡើងវិញកំណាត់ផ្លូវលេខ ១៥៤ ក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង នៅថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៦កន្លងមកនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋថា÷ ក្នុងស្ថានភាពអាកាសធាតុក្តៅហួតហែងពេលនេះបងប្អូនប្រជាពលរដ្ឋសូមកុំមានការជ្រួលច្របល់ទិញប្រេងស្តុកទុកនៅតាមផ្ទះដែលអាចបង្កហានិភ័យបាន ខណៈបច្ចុប្បន្ននេះប្រេងមានក្នុងស្តុកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃហើយ។

ជាមួយគ្នានៅវេលាថ្ងៃត្រង់ថ្ងៃទី ១០ ខែមីនានេះដែររដ្ឋបាលខេត្តបាត់ដំបងក៏ចេញសេចក្តីប្រកាសបន្ថែមមួយទៀតដែរដល់ប្រជាពលរដ្ឋ ម្ចាស់ស្ថានីយ៍លក់ប្រេងឥន្ធន:ទាំងអស់ក្នុងភូមិសាស្ត្រខេត្តក្នុងគោលបំណងធានាឲ្យបាននូវការគ្រប់គ្រងហានិភ័យនៃការទិញ លក់ប្រេងឥន្ធន: សុវត្ថិភាពអ្នកប្រើប្រាស់ ព្រមទាំងធានាឲ្យបាននូវនិរន្តភាពផ្គត់ផ្គង់ហើយមិនដំឡើងថ្លៃខុសពីការកំណត់របស់ក្រសួងពាណិជ្ជកម្ម។

លើសពីនេះរដ្ឋបាលខេត្តបាត់ដំបងក៏បានជំរុញដល់មន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់បន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ចូលរួមបង្ការ គ្រប់គ្រងហានិភ័យនានាដែលអាចកើតឡើងជាយថាហេតុដើម្បីធានាសន្សំសំចៃ និងចៀសវាងដាច់ខាតនូវការសម្រុកទិញប្រេងឥន្ឌន:ស្តុកទុកដោយពុំមានការចាំបាច់នាំឲ្យប្រឈមជាបញ្ហាកើតមានគ្រោះអាសន្នផ្សេងៗឈានដល់ការខូចខាតបាត់បង់ទ្រព្យសម្បត្តិប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃថែមទៀត៕

អត្ថបទ៖ ដំបងក្រញូង

Share.