សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបង្ហាញសញ្ញាដូចគ្នាថា សង្គ្រាមរវាងភាគីទាំងពីរនឹងមិនទាន់បញ្ចប់ក្នុងពេលឆាប់ៗនេះទេ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា ចាំបាច់ត្រូវតែបញ្ចប់សង្គ្រាមឱ្យបានសម្រេច ខណៈដែលអ៊ីរ៉ង់បានព្រមានថា ពិភពលោកគួរតែត្រៀមខ្លួនទទួលយកតម្លៃប្រេងដែលអាចហក់ឡើងដល់ ២០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីមានការវាយប្រហារលើនាវាដឹកប្រេងក្នុងដែនទឹកអ៊ីរ៉ាក់ និងនាវាជាច្រើនទៀតនៅជិតច្រកសមុទ្រ Hormuz។

សង្គ្រាមដែលបានផ្ទុះឡើងពីការវាយប្រហារតាមអាកាសរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីជិតពីរសប្តាហ៍មុន បានបណ្តាលឱ្យមនុស្សស្លាប់ប្រហែល ២,០០០ នាក់ ដែលភាគច្រើនជាជនជាតិអ៊ីរ៉ង់ និងលីបង់។ ទន្ទឹមនឹងនេះ ជម្លោះបានរីករាលដាលដល់ប្រទេសលីបង់ ហើយថែមទាំងធ្វើឱ្យទីផ្សារថាមពលពិភពលោក និងការដឹកជញ្ជូនទូទាំងពិភពលោកធ្លាក់ក្នុងភាពវឹកវរយ៉ាងខ្លាំង។ចំណែកឯអង្គការយូនិសេហ្វ (UNICEF) បានបញ្ជាក់ថា មានកុមារជាង ១,១០០ នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ ឬរងរបួសក្នុងសង្គ្រាមលើកនេះ។
លោក ត្រាំ បានថ្លែងក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Kentucky មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកា (ដែលលទ្ធផលស្ទង់មតិបង្ហាញថាគណបក្សសាធារណរដ្ឋរបស់លោកកំពុងដេញតាមពីក្រោយយ៉ាងខ្លាំង) ថា សហរដ្ឋអាមេរិកបានឈ្នះសង្គ្រាមហើយ ប៉ុន្តែមិនចង់ឱ្យមានសង្គ្រាមកើតឡើងដដែលៗរៀងរាល់ពីរឆ្នាំម្តងឡើយ ដោយលោកបានលើកឡើងថា៖ «យើងមិនចង់ដកខ្លួនលឿនពេកទេ មែនទេ? យើងត្រូវតែបញ្ចប់បេសកកម្មឱ្យបានសម្រេច»។ លោក ត្រាំ ក៏បានអះអាងផងដែរថា កងទ័ពអាមេរិកកំពុងវាយលុកទៅមុខទូទាំងប្រទេសនោះដោយសេរី។


លោក ត្រាំ បានបន្តថា កងកម្លាំងសហរដ្ឋអាមេរិកបានកម្ទេចនាវាចម្បាំងរបស់អ៊ីរ៉ង់ចំនួន ៥៨ គ្រឿងរួចហើយ ហើយបាននិយាយថា អ៊ីរ៉ង់ស្ថិតក្នុងស្ថានភាពអាក្រក់បំផុត។ សហរដ្ឋអាមេរិកនឹងតាមដានច្រកសមុទ្រ Hormuz យ៉ាងដិតដល់ ដោយបន្ថែមថា៖ «ច្រកសមុទ្រ Hormuz ស្ថិតក្នុងស្ថានភាពល្អប្រសើរ យើងបានកម្ទេចនាវារបស់ពួកគេអស់ហើយ ពួកគេនៅមានមីស៊ីលខ្លះ ប៉ុន្តែមិនច្រើនទេ»។
កាលពីមុន លោក ត្រាំ ធ្លាប់បាននិយាយថា នាវាគួរតែអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្របាន ហើយលោកក៏បានផ្តល់បទសម្ភាសន៍ដល់ CBS News កាលពីដើមសប្តាហ៍នេះអំពីច្រកសមុទ្រ Hormuz ថា លោកកំពុងគិតពីការចូលកាន់កាប់ច្រកសមុទ្រនេះ។
ប្រភពព័ត៌មានបានបញ្ជាក់ថា អ៊ីរ៉ង់បានដាក់មីនក្នុងសមុទ្រប្រហែលមួយឡូ (១២ គ្រាប់) ក្នុងច្រកសមុទ្រ ដែលធ្វើឱ្យស្ថានភាពបិទផ្លូវនាវាជួបការលំបាកកាន់តែខ្លាំង។ ប៉ុន្តែបន្ទាប់ពីនោះមិនយូរ អ៊ីរ៉ង់បានវាយប្រហារលើនាវាដឹកជញ្ជូនចំនួន ៣ គ្រឿង រួមទាំងនាវាដែលមានដោតទង់ជាតិថៃផងដែរ ធ្វើឱ្យស្ថានភាពនៅច្រកសមុទ្រ Hormuz ត្រឡប់មករកភាពតានតឹងខ្លាំងវិញម្តងទៀត រហូតមកដល់ពេលនេះ នៅមិនទាន់មានសញ្ញាថា នាវាពាណិជ្ជកម្មអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាពនៅឡើយទេ។



កាលពីថ្ងៃពុធ ទី១១ មីនា អ៊ីរ៉ង់បានបង្ហាញយ៉ាងច្បាស់ថាខ្លួនមានបំណងបង្កើតផលប៉ះពាល់សេដ្ឋកិច្ចក្នុងរយៈពេលវែង។ អ្នកនាំពាក្យបញ្ជាការដ្ឋានយោធាអ៊ីរ៉ង់បាននិយាយថា គ្មានការសង្ស័យទេថា ច្រកសមុទ្រ Hormuz ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីរ៉ង់ ហើយក៏បានថ្លែងពាក្យសម្តីដែលហាក់ដូចជាផ្ញើទៅកាន់សហរដ្ឋអាមេរិកផ្ទាល់ថា៖ «ចូរត្រៀមខ្លួនសម្រាប់តម្លៃប្រេង ២០០ ដុល្លារក្នុងមួយបារ៉ែល ព្រោះតម្លៃប្រេងអាស្រ័យលើសន្តិសុខក្នុងតំបន់ ដែលពួកអ្នកបានធ្វើឱ្យវាបាត់បង់ស្ថិរភាព»។
ខណៈពេលដែលក្រុមប្រទេសឧស្សាហកម្មឈានមុខគេ ឬ G7 (រួមមាន សហរដ្ឋអាមេរិក កាណាដា ជប៉ុន អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ និងបារាំង) បានព្រមព្រៀងគ្នាក្នុងការពិចារណាលើជម្រើសរៀបចំក្បួននាវាការពារ ដើម្បីឱ្យនាវាពាណិជ្ជកម្មអាចធ្វើដំណើរឆ្លងកាត់ឈូងសមុទ្រពែរ្សដោយសុវត្ថិភាព។
ការិយាល័យព័ត៌មាន ABC News បានរាយការណ៍ថា ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) បានព្រមានថា ដ្រូនរបស់អ៊ីរ៉ង់អាចនឹងវាយប្រហារឆ្នេរសមុទ្រខាងលិចរបស់សហរដ្ឋអាមេរិក ទោះបីជាលោក ត្រាំ បាននិយាយថាលោកមិនមានការព្រួយបារម្ភថាអ៊ីរ៉ង់នឹងវាយប្រហារលើដីគោកសហរដ្ឋអាមេរិកក៏ដោយ។
ចំណែកឯក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានព្រមានដែរថា អ៊ីរ៉ង់ និងកងកម្លាំងប្រដាប់អាវុធសម្ព័ន្ធមិត្ត ប្រហែលជាកំពុងរៀបចំផែនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងថាមពលរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយក៏បានព្រមានថា ក្រុមប្រដាប់អាវុធទាំងនេះធ្លាប់បានវាយប្រហារលើសណ្ឋាគារដែលជនជាតិអាមេរិកនិយមស្នាក់នៅកាលពីអតីតកាល។







កងទ័ពសហរដ្ឋអាមេរិក ក៏បានព្រមានដល់ប្រជាជនអ៊ីរ៉ង់ឱ្យជៀសឆ្ងាយពីតំបន់កំពង់ផែដែលមានមូលដ្ឋានទ័ពជើងទឹកអ៊ីរ៉ង់តាំងនៅ ដែលធ្វើឱ្យអ៊ីរ៉ង់ចេញមកគំរាមថា ប្រសិនបើកំពង់ផែទាំងនោះត្រូវបានគំរាមកំហែង មជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់នឹងក្លាយជា «គោលដៅយោធាស្របច្បាប់» ដូចគ្នា។
មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបញ្ជាក់ថា គោលដៅនៃប្រតិបត្តិការយោធាគឺដើម្បីបញ្ចប់សមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការពង្រីកឥទ្ធិពលយោធានៅក្រៅព្រំដែន និងបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ដោយមន្ត្រីយោធាអ៊ីស្រាអែលបាននិយាយថា កងទ័ពនៅមានបញ្ជីគោលដៅជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ដែលត្រូវវាយប្រហារ រួមទាំងមូលដ្ឋានបាញ់បង្ហោះមីស៊ីលរយៈចម្ងាយឆ្ងាយ និងទីតាំងពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ។
បន្ទាប់ពីការិយាល័យធនាគារមួយកន្លែងក្នុងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារក្នុងអំឡុងពេលយប់ អ៊ីរ៉ង់បាននិយាយថានឹងសងសឹកដោយការវាយប្រហារលើធនាគារដែលធ្វើប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ឬអ៊ីស្រាអែល ហើយថែមទាំងបានព្រមានប្រជាជនទូទាំងតំបន់មជ្ឈិមបូព៌ា ឱ្យរក្សាចម្ងាយយ៉ាងហោចណាស់១,០០០ម៉ែត្រ ពីអគារធនាគារនានា៕

